(ភ្នំពេញ)៖ បុរសម្នាក់ ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហៅមកសួរនាំ និងណែនាំ ព្រមទាំងបានឲ្យសុំទោសជាសាធារណៈ ពាក់ព័ន្ធបុរសរូបនេះបានសរសេរ បង្ហោះតាមបណ្តាញសង្គម Facebook ដោយជេរប្រមាថអាយុជីវិតសមត្ថកិច្ច រឿងចាប់ផាកពិន័យមិនពាក់មួកសុវត្ថិភាពនៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះថា ក្រោយមានហេតុការណ៍នេះកើតឡើង ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតហៅបុរសរូបនេះមកសួរនាំ។

លោកបានបន្តថា លោក យ៉ុន វិបុល បានប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Vibol Napat ផុសបានជេរប្រមាថ និងមើលងាយដល់អាយុជីវិតសមត្ថកិច្ច ដែលបានធ្វើការផាកពិន័យគាត់កាល ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លើករណីបើកបរមិនពាក់មួកសុវត្ថិភាព នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។

លោកបញ្ជាក់ថា «នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការសហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃផែនការងារសន្តិសុខ បានកោះហៅបុរសម្នាក់ដែលមានឈ្មោះ យ៉ុន វិបុល ដែលបានបង្ហោះលើហ្វេសបុករបស់ខ្លួន ដោយប្រមាទមើលងាយមកលើអាយុជីវិតរបស់សមត្ថកិច្ច ស្របពេលដែលសមត្ថកិច្ច បានចាត់វិធានការណ៍តាមច្បាប់ ដោយធ្វើការផាកពិន័យគាត់លើករណីបើកបរដោយមិនពាក់មួកសុវត្ថិភាព»

លោក យ៉ុន វិបុល បានទទួលកំហុស ធ្វើកិច្ចសន្យា និងបានថតជាវីដេអូដើម្បីសុំទោសជាសារណៈ ចំពោះទង្វើដែលគាត់បានជេរប្រមាថ មកលើអាយុជីវិតរបស់សមត្ថកិច្ចផងដេរ៕