(ភ្នំពេញ)៖ មិនខុសពីបណ្តាឆ្នាំកន្លងទៅនោះទេ សាលារាជធានីភ្នំពេញ បានអនុញ្ញាតឲ្យលោក ជា មុនី ព្រមទាំងសមាជិកសហជីពសេរីកម្មករកម្ពុជា ធ្វើពិធីជួបជុំគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ តែមិនអនុញ្ញាតឲ្យមានការថ្លែងសារនយោបាយ ឬ តិះដៀលលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនោះឡើយ។

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់ Fresh News ថា នៅក្រោយការជួបប្រជុំគ្នារវាងសាលារាជធា នីភ្នំពេញ និងមន្រ្តីសហជីពសេរីកម្មករកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ ភាគីទាំងពីរបានព្រមព្រៀងគ្នា ឲ្យមានការ ជួបជុំសមាជិកប្រមាណ ២០០នាក់ ដើម្បីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា តែមិនអនុញ្ញាតឲ្យមានការដង្ហែក្បួន។
ទន្ទឹមនិងនេះ សាលារាជធានីភ្នំពេញ ក៏បានហាមមិនឲ្យមានការតិះដៀលទៅលើថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល ឬ ក៏ថ្លែងសារនយោ បាយ នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធនេះឡើយ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ឡុង ឌីម៉ង់។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់យ៉ាងដូច្នេះ «អ្វីដែលសំខាន់ សូមឲ្យកម្មវិធីហ្នឹង ជាកម្មវិធីគោរពវិញ្ញាណក្ខន្ធ ដាក់កម្រងផ្កា រំលឹកពីវីរភាពរបស់គាត់ (លោក ជា វិជ្ជា) និយាយអីនិយាយចុះ។ តែមិនមែនឲ្យមានវេទិកានយោបាយ វាយប្រហារមន្រ្តីជាន់ខ្ពស់ ឬព្រះមហាក្សត្រ កេងចំណេញនយោបាយ យើងមិនឲ្យអ្នកនយោបាយយកវេទិកាហ្នឹង ធ្វើជាកម្មវិធីនយោបាយទេ»។

លោក ម៉ាន់ សេងហាក់ ហេរញ្ញិកសហជីពសេរីកម្មករកម្ពុជា បានប្រាប់ Fresh News ថា ការជួបជុំគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា ខួប ១២ឆ្នាំ នៅថ្ងៃទី២២ ខែមករា នេះ មានអ្នកចូលរួមប្រមាណតែ ១៥០នាក់ប៉ុណ្ណោះ ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំសហជីពនៅតាម មូលដ្ឋាន។

លោក ជា វិជ្ជា ត្រូវបានឃាតកមិនស្គាល់មុខ បាញ់ប្រហារដេកដួលស្លាប់ក្នុងថ្លុកឈាមយ៉ាងឃោរឃៅ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ពេលលោកកំពុងអានកាសែត នៅមុខតូបលក់កាសែត ជាប់របងវត្តលង្ការ។

មកដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ការបាញ់សម្លាប់លោក ជា វិជ្ជា មានរយៈពេល ១២ឆ្នាំហើយ តែឃាតក និង អ្នកពាក់ព័ន្ធក្នុងអំ ពើឃាតកម្មនេះ មិនទាន់ត្រូវបានវែកមុខនៅឡើយទេ។ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេសលើឃាតកម្ម សម្លាប់លោក ជា វិជ្ជា និង មេសហជីពពីររូបផ្សេងទៀត គឺលោក ហ៊ី វុទ្ធី និង លោក រស់ សុវណ្ណារ៉េត។

គណៈកម្មការស៊ើបអង្កេតនេះ មានលោក ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន។ មកដល់បច្ចុប្បន្នគណៈកម្មការមួយនេះ មានអាយុជាង ៥ខែហើយ តែហាក់មិនទាន់មានពន្លឺ នៃការស៊ើបអង្កេតនៅឡើយនោះទេ។

តាមរយៈការអនុញ្ញាតឲ្យបង្កើតរូបសំណាកលោក ជា វិជ្ជា និង ការបង្កើតគណៈកម្មការស៊ើបអង្កេតនេះ លោក ម៉ាន់ សេងហាក់ បាន មើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា កំពុងមានឆន្ទៈស្វែងរកពន្លឺ នៃអំពើឃាតកម្មនេះ។ តែទោះជាយ៉ាងណា លោក ម៉ាន់ សេងហាក់ ទទូចឲ្យរាជរដ្ឋាភិបាលបើកឆន្ទៈឲ្យកាន់តែទូលាយថែមទៀត ដើម្បីវែកមុខឃាតកមកផ្តន្ទាទោស ផ្តល់នូវយុត្តិជូនជនរងគ្រោះ និងក្រុម គ្រួសារ ដែលបានទន្ទឹងរង់ចាំអស់រយៈពេល ១២ឆ្នាំមកហើយ៕