(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ អញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ។ ពិធីនេះនឹងធ្វើឡើងនៅវិមានសន្តិភាព។

ជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅលើសកលលោកកំពុងបង្កជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ សម្រាប់កម្ពុជា ក៏ដូចគ្នាផងដែរ សេដ្ឋកិច្ចបានជួបឱនភាពមិនធ្លាប់មានក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។ ប្រជាពលរដ្ឋកម្ពុជា ក៏បានជួបការលំបាកផងដែរ ព្រោះតែជំងឺកូវីដ១៩ ធ្វើឱ្យបាត់បង់ចំណូលប្រចាំខែ។

ក្នុងឱកាសប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន័ប្រមាណជាង១ម៉ោង។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ ជាសោកនាដកម្មដែលមនុស្សជាតិមិនចង់ជួប និងមិនចង់ឃើញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដមិនត្រឹមធ្វើឱ្យពលរដ្ឋស្លាប់នោះទេ តែក៏បានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ ធ្វើឱ្យប្រជាពលរដ្ឋងាយវិលទៅរកភាពក្រីក្រវិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីកម្ពុជាអាចគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បាន តែបានកំពុងធ្វើកម្ពុជាស្ថិតក្នុងស្ថានភាពមួយមិនច្បាស់លាស់នៅឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលតាមរយៈគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិនិត្យ និងវាយតម្លៃសភាពការណ៍ជាប្រចាំ ហើយបានដាក់ចេញជាបន្តបន្ទាប់ នូវកញ្ចប់វិធានការទាំងសេដ្ឋកិច្ច និងសង្គម ដើម្បីជួយរក្សាលំនឹងអាជីវកម្ម ទ្រទ្រង់ជីវភាពរស់នៅរបស់កម្មករនិយោជិត ក៏ដូចជាទ្រទ្រង់ប្រាក់ចំណូលរបស់ប្រជាជន ដោយឈរលើគោលការណ៍ «ជួយធ្វើអន្តរាគមន៍លើវិស័យ និងប្រជាពលរដ្ឋដែលទទួល រងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត»

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះក្នុងគោលដៅជួយដល់ស្រទាប់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលរងផល់ប៉ះពាល់ធ្ងន់ធ្ងរ រាជរដ្ឋាភិបាលបានសម្រេចបង្កើត និងដាក់ឱ្យដំណើរការនូវកម្មវិធីជំនួយ សង្គមថ្មីមួយដែលជាកម្មវិធី ជំនួយសង្គមពិសេស សំដៅជួយដល់ជនក្រីក្រដែលមានប័ណ្ណសមធម៌ (ក្រ-១ និងក្រ-២) នោះគឺ : «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩»

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលបំណងធំរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវកម្មវិធីនេះ គឺជួយសម្រួលដល់ជីវភាព របស់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រនិងទទួលរងផល ប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដោយរួមបញ្ចូលផងដែរ នូវអ្នកបាត់បង់ការងារ ឬអ្នកបាត់បង់ចំណូល ដែលត្រូវធ្លាក់ខ្លួនចុះទៅក្នុងភាពទីទាល់ក្រីក្រឡើងវិញ ។ ការដាក់ចេញនូវកម្មវិធី នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលបើ«ហ៊ាននិយាយ គឺហ៊ានធ្វើ» ហើយធ្វើដោយម៉ត់ចត់ច្បាស់លាស់ និងប្រុងប្រយ័ត្នបំផុត ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងវិស័យសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានដាក់ចេញ វិធានការអន្តរាគមន៍ចំនួន ៤ ជុំ រួចមកហើយតាម
រយៈការអនុគ្រោះពន្ធ ការអនុញ្ញាតឱ្យមិនបង់ប្រាក់ភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និងថែទាំសុខភាព ការផ្តល់ភាពអនុគ្រោះលើលក្ខខណ្ឌឥណទាន (Credit relief) ការបង្កើន សន្ទនីយភាព (Liquidity) នៅក្នុងទីផ្សារ ការផ្ដល់ប្រាក់ឧបត្ថម្ភ រយៈពេល ២ ខែសម្រាប់កម្មករ-បុគ្គលិក ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ការរៀបចំកម្មវិធីហិរញ្ញប្បទានពិសេស ដើម្បីជួយស្តារលទ្ធភាព និងលើកកម្ពស់អាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញ និងការរៀបចំគម្រោងហិរញ្ញប្បទាន សម្រាប់ទុនបង្វិល ដើម្បីបំពេញតម្រូវការរបស់រោងចក្រ សហគ្រាស និងអាជីវកម្មទាំងអស់ ដើម្បីជួយស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ។ល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងវិស័យសង្គមកិច្ច រាជរដ្ឋាភិបាលបានដាក់ចេញ រួចមកហើយនូវគម្រោងសាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ និងគាំទ្រកសិករដែលកម្មវិធីនេះត្រូវបានពង្រីកវិសាលភាពដល់ ១៨ ខេត្តគោលដៅនិងមានថេរវេលាអនុវត្តរហូតដល់ឆ្នាំ ២០២២។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលបានសម្រេចបង្កើនទំហំថវិកាសម្រាប់គម្រោងនេះ ពីប្រមាណជិត ៣៨លានដុល្លារ ទៅដល់ប្រមាណ ១០០ លានដុល្លារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងឆ្នាំ២០២០ គម្រោងនេះនឹងផ្តល់ជូនប្រជា-ពលរដ្ឋដែលបានបាត់បង់ការងារ ហើយវិលត្រលប់ទៅស្រុកកំណើតវិញ (ទាំងពីក្នុង និងក្រៅប្រទេស) ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ នូវឱកាសទទួលបានការងាររយៈពេលខ្លី ជាមួយនឹងប្រាក់ចំណូលសម្រាប់ ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងចំនួនរហូតដល់ប្រមាណជិត១លាននាក់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ធ្វើឡើងក្នុងគោលបំណងធំរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវកម្មវិធីនេះ គឺជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រនិងទទួលរងផល ប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដោយរួមបញ្ចូលផងដែរ នូវអ្នកបាត់បង់ការងារ ឬអ្នកបាត់បង់ចំណូល ដែលត្រូវធ្លាក់ខ្លួនចុះទៅក្នុងភាពទីទាល់ក្រីក្រឡើងវិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាក់ចេញនូវកម្មវិធីនេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលបើ «ហ៊ាននិយាយ គឺហ៊ានធ្វើ» ហើយធ្វើដោយម៉ត់ចត់ ច្បាស់លាស់ និងប្រុងប្រយ័ត្នបំផុត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈកម្មវិធីនេះ រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនគ្រួសារក្រីក្រ ដែលការឧបត្ថម្ភនឹងត្រូវបានផ្តល់ជូននៅតាមទីកន្លែង ដែលបងប្អូនប្រជាពលរដ្ឋរស់នៅ ទៅតាមកម្រិតនៃប័ណ្ណសមធម៌នីមួយៗ ទៅតាមភាពងាយរងគ្រោះ និងទៅតាមតំបន់។ ការរៀបចំបែបនេះ គឺត្រូវបានធ្វើឡើងឱ្យស្របតាមគោលការណ៍សមធម៌ និងដើម្បីឆ្លើយតបទៅនឹងភាពខុសគ្នានៃថ្លៃទំនិញរវាងតំបន់នីមួយៗផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបានបើកផ្តល់នៅក្នុងសប្តាហ៍ទី៤ នៃខែនីមួយៗ តាមរយៈធនាគារឯកទេសវីង ដែលមានបណ្តាញភ្នាក់ងារនៅទូទាំងប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ន គ្រួសារដែលមានប័ណ្ណសមធម៌ (ទាំងក្រ-១ និងក្រ-២) មានប្រមាណជាង ៥៦ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាលត្រូវចំណាយថវិកាប្រមាណជាង ១០០ប៊ីលានរៀល ឬប្រមាណ ២៥លានដុល្លារ ក្នុងមួយខែៗសម្រាប់ការបើកផ្តល់នេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មវិធីជំនួយសង្គមនេះមិនមែនជាកម្មវិធីដែលមានលក្ខណៈអចិន្រៃ្តយ៍នោះទេ ។ រាជរដ្ឋាភិបាលរៀបចំកម្មវិធីនេះឡើង សម្រាប់ផ្តល់ជំនួយសង្គម នៅក្នុងពេលមានវិបត្តិនៃជំងឺកូវីដ-១៩ ដោយការបើកផ្តល់នឹងត្រូវបានធ្វើឡើងក្នុងរយៈពេល ២ ខែម្តង ដែលជុំទី ១ គឺនឹងត្រូវបានធ្វើឡើងសម្រាប់ខែមិថុនា មួយលើក និងខែកក្កដាមួយលើក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តតាមដាន និងធ្វើការវាយតម្លៃអំពីសភាពការណ៍ និងផលប៉ះពាល់ជាក់ស្តែងពីជំងឺកូវីដ-១៩ នេះ តទៅទៀត។ ប្រសិនបើសភាពការណ៍ និងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅតែបន្តអូសបន្លាយ និងមិនមានភាពល្អប្រសើរ កម្មវិធីជំនួយសង្គមនេះនឹងត្រូវបានអនុ-វត្តក្នុងជុំថ្មីសម្រាប់រយៈពេល ២ខែទៀតជាបន្តបន្ទាប់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើផលប៉ះពាល់ពីជំងឺកូវីដ-១៩មានភាពធូរស្បើយរាជរដ្ឋាភិបាលនឹងបញ្ឈប់នូវកម្មវិធីជំនួយសង្គមមួយនេះ ហើយបង្វែរថវិកាទៅវិនិយោគលើកិច្ចការចាំបាច់នានា ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនជារួមវិញ។

* សម្តេចតេជោ បានថ្លែងថា កម្មវិធីឧបត្ថម្ភប្រាក់ជូនដល់គ្រួសារក្រីក្រនេះ គឺត្រូវបានរៀបចំឡើងក្នុងគោលដៅជួយសម្រួលដោះស្រាយការលំបាករបស់ប្រជាជន ក្នុងរយៈពេលប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ប៉ុន្តែក៏ត្រូវតែចៀសវាងឱ្យបានផងដែរនូវការបង្កើតឡើងនូវទម្លាប់រស់នៅដោយពឹងផ្អែកទាំងស្រុង ទៅលើប្រាក់ឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ភាពមានមាយាទរបស់រាជរដ្ឋាភិបាល ទើបធ្វើឱ្យយើងមានសាច់ប្រាក់ដើម្បីចែកដល់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាតរដូវកូវីដ១៩

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំដោយសម្តេចផ្ទាល់ នឹងមិនទុកឱ្យពលរដ្ឋណាមួយត្រូវស្លាប់ដោយអត់បាយដោយគ្មានការយកចិត្តទុកដាក់នោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានបញ្ជូនរួចទៅហើយនូវថវិកា១២៥លានដុល្លារអាមេរិក ទៅកាន់គោលដៅនានា សម្រាប់រយៈពេល៥ខែ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាតដោយសារជំងឺកូវីដ១៩

* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ខិតខំអនុវត្តនូវកម្មវិធីជំនួយសង្គមនេះ ប្រកបដោយភាពទទួលខុសត្រូវនិងប្រសិទ្ធភាពខ្ពស់។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ជាពិសេសក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋាន បន្តអនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធីសាស្រ្ត និងគោលការណ៍ ដែលត្រូវបានដាក់ចេញមកដើម្បីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងគោលដៅធានាឱ្យពួកគាត់ទទួលបាន ស្របតាមលក្ខខណ្ឌវិនិច្ឆ័យជាធរមាន នូវជំនួយសង្គមនាពេលនេះ ឬ ជំនួយផ្សេងទៀតនាពេលអនាគត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាជាប្រទេសក្រីក្រ ដែលមិនអាចរត់តាមប្រទេសអ្នកមានមានលទ្ធភាពផ្តល់ការឧបត្ថម្ភច្រើនជូនប្រជាពលរដ្ឋនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធស្វែងរកអ្នករងផលប៉ះពាល់ពីជំងឺកូវីដ១៩បន្ថែមទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើកន្លងទៅរកឃើញត្រឹម៥៦ម៉ឺនគ្រួសារ តែខែបន្តបន្ទាប់អាចរកឃើញអ្នករងផលប៉ះពាល់បន្តទៀត ដែលតម្រូវឱ្យមានការចំណាយបន្ត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូវីដ១៩នឹងធ្វើឱ្យអ្នកដែលឆ្លងផុតបន្ទាត់ក្រីក្រ ធ្លាក់មកនៅបន្ទាត់ក្រីក្រវិញ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋរងផលប៉ះពាល់អាចដាក់សំណើសុំការឧបត្ថម្ភ ប៉ុន្តែមិនមែនគ្រប់សំណើសុទ្ធតែទទួលយកនោះទេ ត្រូវពិនិត្យពិច័យឱ្យបានល្អិតល្អន់ និងត្រឹមត្រូវ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឥឡូវនេះយើងបានរកឃើញប្រជាពលរដ្ឋ៥៦ម៉ឺនគ្រួសារ ដែលជួបការខ្វះខាត ប៉ុន្តែអាចពេលខាងមុខនេះនឹងមានលេចឡើងនូវពលរដ្ឋច្រើនជាងនេះថែមទៀត

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើរកឃើញប្រជាពលរដ្ឋមានផលប៉ះពាល់ទៀត គឺរដ្ឋអាចចំណាយពី ៣០លាន ទៅ៥០លានដុល្លារបន្ថែមទៀត តែត្រូវតែធានាថាមិនអាចឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសារតែការអត់ឃ្លាននោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មចំពោះអ្នកវិភាគសេដ្ឋកិច្ច ដែលរិះគន់ចំពោះសាច់ប្រាក់ដែលរាជរដ្ឋាភិបាលឧបត្ថម្ភដល់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានចំអកទៅអ្នកវិភាគសេដ្ឋកិច្ចដែលរិះគន់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ សូមឱ្យប្រាប់ទៅសាច់ញាតិគេ កុំឱ្យទទួលសាច់ប្រាក់នេះអី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ គឺជាជំនួយមិនមែនជាការចិញ្ចឹមនោះទេ ព្រោះពលរដ្ឋនៅមានលទ្ធភាពទៅការងារផ្សេងៗធ្វើនៅឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធត្រូវបើកសាច់ប្រាក់ដល់ដៃប្រជាពលរដ្ឋឱ្យបានក្នុងខែមិថុនា និងខែកក្កដា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនមែនដូចប្រទេសគេ តែរាជរដ្ឋាភិបាលមានមាយាទក្នុងការគ្រប់គ្រង និងដឹកនាំរដ្ឋ ព្រមទាំងចាត់ចែងថវិកា។ ដូច្នេះរាជរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់សម្រាប់ឧបត្ថម្ភដល់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បានបោះទុនជាង ១០០លានដុល្លារទៅទីជនបទ ដែលអាចផ្តល់ការងារជូនប្រជាពលរដ្ឋនៅតាមទីជនបទ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាចំណាយ២៥លានដុល្លារក្នុងមួយខែ គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ តែបើកូវីដ១៩អូសបន្លាយការចំណាយអាចកើនដល់៣០លានដុល្លារ ឬលើសពីនេះ។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋកុំឱ្យផ្តេកផ្តួលជាមួយការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ត្រូវប្រឹងប្រែងរកការងារធ្វើបន្ថែម។

* សម្តេចតេជោ ហ៊ុន សែន បានស្នើប្រជាពលរដ្ឋមើលឱ្យឃើញពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយវិបត្តិរបស់ជាតិ និងប្រជាជន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីក្រីក្រមានផ្ទៃពោះរហូតដល់កូនអាយុ២ និងកម្មការិនីពេលសម្រាល ព្រមទាំងកម្មវិធីគាំពារសុខភាពដទៃទៀត គឺត្រូវអនុវត្តន៍ជាអចិន្ត្រៃយ៍។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់អគារគ្រឹះស្ថានសិក្សាឯកជន សុំឱ្យបញ្ចុះថ្លៃឈ្នួលអគារ ដោយការយោគយល់ និងទន់ភ្លន់។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ធនាគារជាតិ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ រៀបចំឥណទានឡើងវិញ សម្រាប់គ្រឹះស្ថានសិក្សាឯកជន។

* សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្ត និងគាំទ្រឱ្យធនាគាររឹបអូសអចលនទ្រព្យកូនបំណុលទាំងឡាយ ដែលធ្វើតាមការអំពាវនាវរបស់ក្រុមប្រឆាំងក្រៅប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងជំរុញវិស័យកសិកម្ម ខណៈការនាំចេញអង្ករមានការកើនឡើង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាគ្មានបញ្ហាអសន្តិសុខស្បៀងនោះទេ។

* សម្តេចតេជោ ហ៊ុន សែន រំពឹងថា ការឧបត្ថម្ភសាច់ប្រាក់ នឹងជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ១០៖២៨នាទីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០៕