(ភ្នំពេញ)៖ គ្រាដែលជម្ងឺកូវីដ១៩ កំពុងរីករាលដាលជាលក្ខណៈសកលលោក, អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ សហការជាមួយ រដ្ឋបាលខណ្ឌ បានបន្តចុះសួរសុខទុក្ខ សំណេះសំណាល និងឧបត្ថម្ភអំណោយកាកបាទក្រហមកម្ពុជា ហើយនិងនាំយក «ប័ណ្ណសមធម៌» មកផ្ដល់ជូន ប្រជាពលរដ្ឋក្រីក្រ ចំនួន៥៩គ្រួសារ ដែលមកពី៦ភូមិ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ស្ថិតនៅក្នុងបរិវេណវត្តទួលសុវណ្ណរាម សង្កាត់ទួលសង្កែទី១ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។

កម្មវិធីមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ខាងលើនេះ បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោកស្រី អាន ផល្លា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ហើយក៏ជាជាអភិបាលរងខណ្ឌ ផងដែរ តំណាងឲ្យលោក ជា ពិសី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ហើយក៏ជាអភិបាលខណ្ឌ ព្រមទាំងមានការចូលរួមពីអស់លោក-លោកស្រី នៃក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ-សង្កាត់ រួមទាំងអាជ្ញាធរសង្កាត់ទួលសង្កែទី១។

សូមជម្រាបថា ចំពោះអំណោយដែលបាននាំយកមកឧបត្ថម្ភដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ទាំង៥៩ គ្រួសារ នូវគ្រាដែលជម្ងឺកូវីដ១៩ កំពុងរីករាលដាលជាលក្ខណៈសកលលោកនាពេលនេះ មានគ្រឿងឧបភោគបរិភោគ ជាអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ រួមនិងថវិកាមួយចំនួនទៀត ជាអំណោយឧបត្ថម្ភរបស់លោក ជា ពិសី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងជាអភិបាលខណ្ឌប្ញស្សីកែវ ផងដែរ នៅមុនពេលលោកស្រី អាន ផល្លា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ បានផ្ដល់ «ប័ណ្ណសមធម៌» ដល់ដៃប្រជាពលរដ្ឋក្រីក្រ ទាំង៥៩គ្រួសារ ស្មើនឹង ៥៩ប័ណ្ណ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

ក្នុងសកម្មភាពមនុស្សធម៌នេះ លោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា តំណាងលោក ជា ពិសី ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងទ្វេរ តែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋក្រីក្រ តាមជាក់ស្ដែងព្រោះនៅទីណាឲ្យតែមានប្រជាពលរដ្ឋ ងាយរងគ្រោះ ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា មកជួយសង្គ្រោះជានិច្ច បើទោះបីជាអំណោយមិនមានចំនួនច្រើន ប៉ុន្តែអាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ នៅមុនពេលដែលប្រជាពលរដ្ឋ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដល់ពួកគាត់កំពុងជួបបញ្ហាខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈសហការី នៃអនុសាខាកាកបាទក្រហមកម្ពុជាសង្កាត់-ខណ្ឌ៕