(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកម្ទេចសន្លឹកឆ្នោត ដែលកម្ពុជាបានប្រើប្រាស់ក្នុងការបោះឆ្នោត ឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ និងឆ្នាំ២០១៧ កន្លងមក។ ពិធីបំផ្លាញសន្លឹកឆ្នោតនេះ ដឹកនាំដោយ លោក នុត សុខុម អនុប្រធាន គ.ជ.ប ដែលធ្វើឡើងនៅផ្ទះលេខ៩ ផ្លូវ៣៤៥ ខណ្ឌទួលគោក។

នៅក្នុងពិធីនេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឡើងធ្វើរបាយការណ៍បូកសរុប ស្ដីពីចំនួនសន្លឹកឆ្នោត ដែលត្រូវបំផ្លាញពាក់ព័ន្ធនឹង៖

*សន្លឹកឆ្នោតដែលបានប្រើប្រាស់រួច ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឆ្នាំ២០១២
*សន្លឹកឆ្នោតដែលបានប្រើប្រាស់រួច ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៣
*សន្លឹកឆ្នោតដែលបានប្រើប្រាស់រួច ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឆ្នាំ២០១៤
*សន្លឹកឆ្នោតដែលបានប្រើប្រាស់រួច ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧។

គូសបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែល គ.ជ.ប បានបំផ្លាញសន្លឹកឆ្នោត ចាប់តាំងពី គ.ជ.ប រៀបចំការបោះឆ្នោតដោយខ្លួនឯង នៅឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន៕