(ភ្នំពេញ)៖ ក្រុមប្លន់ម៉ូតូរបស់យុវជន២នាក់ នៅចំណុចស្ថានីយ៍បឹងទំពន់ តាមផ្លូវលេខ៣៧១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ នៅយប់រំលងអាធ្រាត្រចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ត្រូវបានកម្លាំងអាវុធហត្ថ ធ្វើការបង្ក្រាប និងចាប់ខ្លួនជាបន្តបន្ទាប់នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ ព្រមទាំងដកហូតម៉ូតូ របស់ជនរងគ្រោះមកវិញផងដែរ។

មន្រ្តីអាវុធហត្ថខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ ក្នុងនោះ ស្រី២នាក់ ដែលជាប់ពាក់ព័ន្ធការចូលរួម សកម្មភាពស្ទាក់វាយ និងប្លន់យកម៉ូតូមួយគ្រឿង ពីជនរងគ្រោះ២នាក់ ខណៈដែលកំពុងធ្វើដំណើរចេញពីក្លឹប។ បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់ទីបញ្ជាការដ្ឋាន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តសួរនាំ និងចាត់ការតាមនីតិវិធី។ សូមបញ្ជាក់ថា យុវជនពីរនាក់បានរងរបួស និងអះអាងថា ត្រូវជនសង្ស័យមួយក្រុមមានគ្នា ប្រមាណ៥នាក់ បានស្ទាក់វាយប្លន់យកម៉ូតូ Dream C125 មួយគ្រឿង បានសម្រេចនៅត្រង់ ចំណុចស្ថានីយ៍ បូមទឹកបឹងទំពុន ភូមិត្នោតជ្រុំទី៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ នៅវេលាម៉ោង១៖៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦។

ជនរងគ្រោះម្នាក់ បានប្រាប់ភ្នាក់ងារ Fresh News ថា មុនកើតហេតុពួកគេទាំងពីរនាក់ បានចូលទៅរាំលេងនៅក្នុងក្លឹប លុះដល់វេលាយប់ជ្រៅ ពេលនាំគ្នាចេញពីក្លឹបត្រឡប់ទៅផ្ទះវិញ ដោយជិះ តាមផ្លូវ៣៧១ ទិសដៅពីកើតទៅលិច។ លុះជិះចេញពីក្លឹបបានប្រមាណ៥០០ម៉ែត្រ ពោលពេលមកដល់ត្រង់ស្ថានីយ៍បូមទឹកបឹងទំពុន ក៏លេចមុខក្រុមជនសង្ស័យទាំងនោះ មកស្ទាក់វាយប្លន់​យកម៉ូតូតែម្តង។ បន្ទាប់ពីត្រូវក្រុមចោរវាយប្លន់យកម៉ូតូ ទៅបាត់ហើយ ជនរងគ្រោះបានស្រែកហៅ ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ឲ្យមកជួយ តែប្រជាពលរដ្ឋបានត្រឹមតែនាំគ្នា ចេញមកឈរ និងណែនាំជនរគ្រោះ ឲ្យទៅដាក់ពាក្យបណ្តឹង នៅកន្លែងសមត្ថកិច្ច៕