(ភ្នំពេញ)៖ រដ្ឋមន្ត្រីពាណិជ្ជកម្មអាស៊ាន និងប្រទេសមានសេដ្ឋកិច្ចជឿនលឿនក្នុងតំបន់ចំនួន៦ផ្សេងទៀត បានប្តេជ្ញាថា នឹងប្រឹងប្រែងឱ្យកិច្ចព្រមព្រៀងភាព​ជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយតំបន់ (RCEP) ចុះហត្ថលេខាជាផ្លូវការនៅចុងឆ្នាំ២០២០នេះ ដើម្បីនាំមកនូវកាលានុវត្តន៍ភាពថ្មីផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសជាសមាជិក។

ការប្តេជ្ញានេះ បានធ្វើឡើងក្នុងអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១០ នៃប្រទេសសមាជិក RCEP ចំនួន១៦ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ តាមរយៈប្រព័ន្ធវីដេអូ (Video Conference)។ កិច្ចប្រជុំនេះភាគីកម្ពុជា ត្រូវបានដឹកនាំដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាំណិជ្ជកម្ម និងមានការសម្របសម្រួល​ពីលេខាធិការដ្ឋាន​អាស៊ាន និងដឹកនាំដោយលោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់វៀតណាម ដែលជាប្រធានអាស៊ានឆ្នាំ២០២០។

កិច្ចប្រជុំនៅថ្ងៃធ្វើឡើងក្នុងគោលបំណងពិនិត្យការអនុវត្តអាណត្តិដែលបានប្រគល់ដោយថ្នាក់ដឹកនាំ កាលពីកិច្ចប្រជុំកំពូល RCEP លើកទី៣ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងបាងកក និងដោះស្រាយបញ្ហាសេសសល់ ដើម្បីឱ្យប្រទេសជាសមាជិកអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្នុងឆ្នាំ២០២០ នៅប្រទេសវៀតណាម។

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់ (Regional FTA) ដែលកំពុងស្ថិតក្នុងដំណាក់កាល​នៃការចរចា ដែលមានប្រទេសចូលរួមចរចាចំនួន១៦ រួមមាន៖ ប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៦ (អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់)។

RCEP ជាគំនិតផ្តួចផ្តើមរបស់អាស៊ាន ដែលផ្អែកលើកុងសង់ស៊ីសសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត ដែលបានប្រកាសឱ្យចាប់ផ្តើមចរចាក្នុងឆ្នាំ២០១២ នៅកម្ពុជា។ RCEP មានទំហំ GDP ជិត ៤០% នៃGDPពិភពលោក ហើយមានទីផ្សារអ្នកប្រើប្រាស់សរុបប្រមាណ ៣,៥ប៊ីលាន (ជិត៥០%នៃប្រជាជនពិភពលោក)។

RCEP មានទំហំពាណិជ្ជកម្មសរុបជិត ២៩% នៃទំហំពាណិជ្ជកម្មពិភពលោក និងវិនិយោគផ្ទាល់ពិភពលោកហូរចូលមកក្នុងតំបន់ RCEP ប្រមាណ២០%។

រដ្ឋមន្ត្រីនៃប្រទេសសមាជិកទាំង១៦ បានរំពឹងថា បើការចរចាឈានដល់ការចុះកិច្ចព្រមព្រៀងជាផ្លូវការ នឹងជួយស្តារសេដ្ឋកិច្ចរបស់ប្រទេសសមាជិក និងតំបន់ទាំងមូលពីផលប៉ះពាល់ធ្ងន់ធ្ងរបង្កឡើងដោយវិបត្តិកូវីដ១៩។

សម្រាប់កម្ពុជាវិញត្រូវបានរំពឹងថា នឹងអាចធ្វើពិពិធកម្មទីផ្សារ និងផលិតផលនាំចេញ ជាពិសេសបន្ទាប់ពីវិបត្តិកូីដ-១៩។

ក្នុងកិច្ចប្រជុំនៅថ្ងៃនេះ លោក ប៉ាន សូរស័ក្តិ បានគូសរំលេចផងដែរថា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណដ៏ឈ្លាសវៃ ចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដោះស្រាយបញ្ហាសេសសល់របស់ខ្លួនរួចរាល់អស់ហើយ និងបានបញ្ជាក់ជំហរគាំទ្រយ៉ាងពេញទំហឹងដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP ក្នុងឆ្នាំ២០២០នេះ៕