(តាកែវ)៖ មន្រ្តីគយបានសហការជាមួយមន្ត្រី នៃសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង បង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) ខេត្តតាកែវ បានរកឃើញសំណល់ថ្នាំកសិកម្ម នៅលើបន្លែ ៤ប្រភេទរួមមាន៖ ម្ទេស ក្រូចឆ្មាតូចៗ ស្ពៃ និងខ្ញី ដែលបងប្អូនអាជីវករខ្មែរនាំចូលពីប្រទេសវៀតណាម តាមច្រកទ្វាអន្តរជាតិភ្នំដិន របស់ខេត្តតាកែវ។

លោក ប៉ោ លាងគង់ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង បង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) ខេត្តតាកែវ បានឱ្យដឹងថា កាកសំណល់ថ្នាំកសិកម្មនៅលើបន្លែទាំង៤នេះ ត្រូវបានរកឃើញក្នុងចំណោមបន្លែចំនួន២៣មុខ ដែលត្រូវបានធ្វើតេស្តចំនួន៣លើកពីរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង បង្ក្រាបការក្លែងបន្លំ។ បន្លែដែលមានសំណល់ថ្នាំកសិកម្មជាបន្លែ ដែលគ្មានសុវត្ថិភាព និងនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។

បើតាមលោក កែវ វ៉ាន្នី ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ បានថ្លែងថា បន្លែទាំង៤ប្រភេទដែលមន្រ្តីរបស់លោកសហការជាមួយមន្រ្តីការពាអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង បង្រ្កាបការក្លែងបន្លំ «កាំកុងត្រូល» បានរកឃើញមានកាកសំណល់ថ្នាំកសិកម្មនោះ និងត្រូវបញ្ជូនត្រលប់ទៅកាន់ប្រទេសវៀតណាមវិញ ហើយយើងនិងមិនអនុញ្ញាតឱ្យបន្លែ៤ប្រភេទនេះ នាំចូលមកកម្ពុជាជាបណ្ដោះអាសន្ន រហូតទាល់តែមានលិខិតបញ្ជាក់ពីមន្រ្តីកសិកម្មវៀតណាមថាបន្លែទាំងអស់នេះ មិនមានកាកសំណល់ថ្នាំកសិកម្ម រួមទាំងការយកមកធ្វើពិសោធន៍ម្ដងទៀត ពីមន្រ្តីជំនាញកាំកុងត្រូលរបស់កម្ពុជា ដោយបញ្ជាក់ថាមិនមានថ្នាំសំណល់កសិកម្មនៅលើបន្លែទាំងអស់នេះ ទើបនឹងអនុញ្ញាតឱ្យមានការនាំចូលវិញ។

គួបញ្ជាក់ថាកាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងមហាផ្ទៃ បានចេញលិខឹតមួយឱ្យរដ្ឋបាលខេត្តជាប់ព្រំដែន និងអាជ្ញាធរមានសមត្ថកិច្ចប្រចាំនៅតាមច្រកព្រំដែនទាំងអស់ ត្រូវពង្រឹងការត្រួតពិនិត្យននិងទប់ស្កាត់ការនាំចូលបន្លែ និងផ្លែឈើមានជាតិគីមីពុល និងទំនិញខូចគុណភាព ដោយសំដៅដល់ការការពារអាយុជីវិត និងសុខភាពបងប្អូនប្រជាពលរដ្ឋ៕