(ភ្នំពេញ)៖ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង រួមដំណើរលោកស្រីអភិបាលរងខណ្ឌបឹងកេងកង ស៊ិន រតនា ព្រមទាំងមន្រ្តី នៃការិយាល័យជំនាញ បានចុះពិនិត្យដោយផ្ទាល់នៅសកម្មភាពស្ដារប្រឡាយមេ១ ខ្សែស្របផ្លូវ១០៥ និងប្រព័ន្ធលូ អណ្ដូងលូ នៅតាមដងផ្លូវនានា ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ដើម្បីបើកមុខទឹកបញ្ជៀសរាល់ការជន់លិចទឹកភ្លៀងនារដូវវស្សានេះ។

ខណៈចុះពិនិត្យនេះ អភិបាលខណ្ឌបឹងកេងកង បានជំរុញទៅដល់ផ្នែកខាងគ្រឿងចក្រឲ្យពន្លឿនក្នុងការកាយដីភក់នៅបាតប្រឡាយ កាយយកកាកសំណល់ផ្សេងៗ ដើម្បីបើកមុខទឹកហូរបានលឿន នៅពេលមេឃភ្លៀងធ្លាក់មកម្ដងៗនោះ កុំឲ្យទឹកជន់លិច ឬដក់នៅលើផ្លូវ ឬហៀរហូរលំនៅស្ថានប្រជាជននៅស្របដងប្រឡាយនោះ។

ជាមួយគ្នានេះដែរ បងប្អូនប្រជាជនគាត់ចេញមកទទួលស្វាគមន៍ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាជន ដោយលោកអភិបាលខណ្ឌ គាត់បានទទួលយករាល់ការសំណូមពរ របស់ពួកគាត់ផ្សេងៗ ដើម្បីដោះស្រាយ ។ លោកក៏បានចែកទឹកអាកុល ជែលនិងម៉ាស់ជូនដល់ពួកគាត់ផងដែរដើម្បីទុកប្រើប្រាស់ការពារបង្ការមេរោគ Covid-19។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌបឹងកេងកង ធឹម សំអាន ដោយសូមអំពាវនាវឲ្យបងប្អូនប្រជាជនទាំងអស់ ចូលរួមសម្អាតអនាម័យឲ្យបានគ្រប់ៗគ្នាដើម្បីបរិស្ថានស្អាត ទីក្រុងស្អាត គ្មានសំរាមលើដងវិថីនិងក្នុងទឹកប្រឡាយផងដែរពោលគឺក្រុងស្អាតគឺផ្ដើមចេញពីយើងទាំងអស់គ្នាផងដែរ។

ដោយឡែកនៅល្ងាចថ្ងៃដដែលនេះដែរ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និងលោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌបឹងកេងកង ព្រមទាំងសហការី បានបន្តចុះជួបសំណេះសំណាលគ្នា ជាមួយបងប្អូនប្រជាជនតាមខ្នងផ្ទះនីមួយៗនៅសង្កាត់អូឡាំពិច ដោយធ្វើការណែនាំទៅដល់ពួកគាត់អោយចូលរួមសម្អាតធ្វើអនាម័យ បរិស្ថាន គឺទីក្រុងស្អាត ផ្ដើមចេញពីយើងទាំងអស់គ្នា ហើយក៏បានអំពាវនាវទៅដល់បងប្អូនប្រជាជន ត្រូវមើលថែទាំសុខភាពដោយរស់នៅស្អាត ហូបស្អាត ហើយត្រូវលាងដៃដោយសាប៊ូ ឬទឹកអាកុល ឬទឹកជែល ហើយពេលធ្វើដំណើរចេញក្រៅផ្ទះ ឬនៅកន្លែងធ្វើការងារត្រូវពាក់ម៉ាស ដោយបង្ការការពារនូវមេរោគ Covid-19 ផងដែរ ពោលគឺយើងរួមគ្នាប្រយុទ្ធប្រឆាំងមេរោគ កូវិដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕