(ប៉ៃលិន)៖ លើកឡើងក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយឧកញ៉ា ហាក់ សុវណ្ណា អនុប្រធានសភាពាណិជ្ជកម្ពុជា អំពីសក្តានុពលរបស់ខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយដល់ក្រុមហ៊ុនឯកជននានា ដែលមានបំណងមកធ្វើការវិនិយោគ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានស្នើដល់សភាពាណិជ្ជ កម្មកម្ពុជា ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយពីសក្តានុពលរបស់ខេត្ត ដើម្បីជំរុញឱកាសវិនិយោគរបស់ក្រុមហ៊ុន និងដៃគូសហការនានា។

លោក ផាន់ ចាន់ធុល បានលើកឡើងថា ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំដ៏ឆ្នើមរបស់កម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យរួមមាន៖ ផ្លូវថ្នល់ ទឹកស្អាត អគ្គីសនី សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម និងប្រឡាយទឹក មានគ្រប់ទិសទីនៅទូទាំងប្រទេស ជាពិសេសបានបើកជំហជើងមេឃ ឱ្យអ្នកវិនិយោគមកពីគ្រប់ទិសទី មកចូលរួមកសាងឃឿនសេដ្ឋកិច្ចជាតិឱ្យ កាន់តែ ប្រសើ ឡើង ដែលជាហេតុធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធា ឡើងជាលំដាប់ពី ១ថ្ងៃទៅ១ថ្ងៃ។

អភិបាលខេត្ត បានបញ្ជាក់ថា៖ ខេត្តប៉ៃលិនបច្ចុប្បន្នមានសក្តានុពលជាច្រើន នៅមិនទាន់មានការអភិវឌ្ឍ និងធ្វើការវិនិយោគនៅឡើយ ដូច្នេះលោកសង្ឃឹមថា តាមរយៈទស្សនកិច្ចរបស់គណៈប្រតិភូស ភាពាណិជ្ជកម្មកម្ពុជា នៅខេត្តប៉ៃលិននាឱកាសនេះ នឹងលេចឡើងនូវផ្លែផ្កាសម្រាប់ការវិនិយោគនាពេលអនាគត ដែលជាកត្តាយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចខេត្ត។

ជាការឆ្លើយតប ឧកញ៉ា ហាក់ សុវណ្ណា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈប្រតិភូ បានឱ្យដឹងថា តាមរយៈទស្សនកិច្ចរបស់គណៈប្រតិភូ គឺបានមើលឃើញ ពីសក្តានុពលសំខាន់ៗ របស់ខេត្តប៉ៃលិន ដូចជា៖ វិស័យទេសចរណ៍ វិស័យកសិកម្ម ការកែរច្នៃកសិ-ឧស្សាហកម្ម ការដឹកជញ្ជូនទំនិញ និងតំបន់សេដ្ឋកិច្ចពាណិជ្ជកម្មព្រំដែនខ្មែរ-ថៃ ជាដើម ដែលជាឱកាស សម្រាប់ក្រុមហ៊ុន និងដៃគូសហការធ្វើការវិនិយោគ ដើម្បីសំដៅលើកកម្ពស់សេដ្ឋកិច្ច តាមរយៈការពង្រីកការវិនិយោគក្នុងតំបន់ ក៍ដូចថ្នាក់ជាតិទាំងមូល ឆ្ពោះទៅរកការបង្កើនការអភិវឌ្ឍឲ្យ ក្លាយជាខេត្តមួយមានមុខមាត់។

ឧកញ៉ាប្រធានប្រតិភូ បានបញ្ជាក់ថា ជាការពិតណាស់វិស័យឯកជនបានដើរតួនាទីយ៉ាងសំខាន់សំរាប់ខេត្តទាំងមូល ក្នុងការចូលរួមគ្រប់សកម្មភាព ដែលរដ្ឋបាលខេត្ត កំពុងអភិវឌ្ឍន៍ ជាពិសេសជួយ សម្រួលដល់ពលរដ្ធទាំងអស់ឲ្យមានការងារធ្វើ បង្កើននូវជីវភាពរស់នៅប្រចាំថ្ងៃ ដូច្នេះរដ្ឋបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់គាំទ្រ និងការពាររាល់អ្វីដែលក្រុមហ៊ុនឯកជននានា ចង់មកធ្វើការវិនិយោគខេត្ត ជួយសម្របសម្រួល រាល់បញ្ហាដែលមានឡើង ដើម្បីបង្កលក្ខណៈរៀបចំគំរោង និងផែនការ អោយបានទទួលជោគជ័យ និងមានប្រសិទ្ធិភាពខ្ពស់។

សូមបញ្ជាក់ថា ក្នុងឱកាសបំពេញបេសកកម្មនៅខេត្តប៉ៃលិន គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញទស្សនកិច្ចទីតាំងមួយចំនួនក្នុងខេត្ត ដូចជា៖ ១/តំបន់ទេសចរណ៍នានាក្នុងខេត្ត ២/ទស្សនាសមាគមន៍មៀនប៉ៃលិន និងសៃឡូឬស្តង់ប្រមូលទិញកសិផល ៣/ទស្សនាចំការផ្លែឈើ និង៤/ទស្សនាតំបន់សេដ្ឋកិច្ចពាណិជ្ជកម្មព្រំដែនខ្មែរ-ថៃ៕