(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជំរុញដល់អាជ្ញាធរខេត្តកណ្តាល ឱ្យយកចិត្តទុកដាក់តាមដាន និងដោះស្រាយបញ្ហា ដែលភាគីវៀតណាមបោះតង់នៅតំបន់ ដែលមិនទាន់មានការកំណត់ព្រំដែនច្បាស់លាស់ ខណៈដែលក្រសួងក៏បានស្នើទៅភាគីវៀតណាម ឱ្យរើតង់ចេញពីតំបន់នេះឲ្យបានឆាប់រហ័សបំផុតផងដែរ។ នេះបើតាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ។

លោក កុយ គួង បានលើកឡើងយ៉ាងដូច្នេះថា៖ «នៅតង់ប៉ុន្មានទៀត ដែលវៀតណាមរើ ហើយប៉ុន្មានទៀតដែលវៀតណាមនៅសល់។ អញ្ចឹងបញ្ហាសំខាន់ គឺអាជ្ញាធរខេត្តកណ្តាលយើង ត្រូវតាមដានសកម្មភាពហ្នឹង»

លោកបន្តថា «ជំហររបស់យើង (ក្រសួងការបរទេស) គឺស្នើឲ្យវៀតណាមរើចេញពីតំបន់ ដែលមិនទាន់មានការកំណត់ព្រំដែនច្បាស់លាស់។ យើងអត់បានកំណត់ (ពេលវេលានៃការរើចេញទេ) យើងគ្រាន់តែស្នើឲ្យភាគីវៀតណាម រើចេញឲ្យបានឆាប់»

ពាក់ព័ន្ធនឹងករណីនេះ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ក្រសួងការបរទេសកម្ពុជា បានធ្វើកំណត់ទូតតវ៉ាអំពីការបោះតង់របស់វៀតណាមចំនួន ៣១កន្លែង លើតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នាក្នុងខេត្តកណ្តាល នៃប្រទេសកម្ពុជា ជាប់នឹងខេត្តអានយ៉ាងនៃប្រទេសវៀតណាម ដោយស្នើឲ្យភាគីវៀតណាមរុះរើតង់ទាំងនោះចេញ និងបញ្ឈប់សកម្មភាពនានា ដើម្បីរក្សាស្ថានភាពដើមមិនកែប្រែនៅក្នុងតំបន់នេះ ស្របតាមសេចក្តីប្រកាស រួមចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងកិច្ចព្រមព្រៀង ពាក់ព័ន្ធព្រំដែន រវាងប្រទេសទាំងពីរ។

រហូតដល់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ក្រសួងការបរទេសវៀតណាម បានធ្វើកំណត់ទូតឆ្លើយតបនឹងកំណត់ទូតកម្ពុជា ដោយអះអាងថា ការបោះតង់នៅតាមព្រំដែនដោយខេត្តអានយ៉ាងនេះ គឺជាវិធានបណ្តោះអាសន្នចាំបាច់ ដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលានូវការធ្វើដំណើរឆ្លងកាត់ព្រំដែន ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺឆ្លងកូវីដ១៩ ហើយការបោះតង់ទាំងនោះមិនមានផលប៉ះពាល់ ដល់ការខណ្ឌសីមា និងបោះបង្គោលព្រំដែន លើតំបន់ព្រំដែនរវាងប្រទេសទាំងពីរនេះទេ។ អាជ្ញាធរវៀតណាមបានសន្យាថា នឹងធ្វើការរុះរើតង់ដែលបានបោះជាបណ្តោះអាសន្នទាំងអស់ចេញពីតំបន់នោះ៕