(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ក្នុងនាមរាជរដ្ឋាភិបាកកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងសំណេះសំណាលជាមួយអតីតនិស្សិតអាហារូបករណ៍នៃកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសម៉ាឡេស៊ី (MTCP) តបតាមការអញ្ជើញរបស់លោក Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកឯកអគ្គរាជទូតម៉ាឡេស៊ី ដែលបានអញ្ជើញ និងផ្ដល់កិត្តិយសចំពោះលោក ចូលរួមក្នុងពិធីសំណេះសំណាល ជាមួយអតីតនិស្សិត លើការឆ្លុះបញ្ចាំងពីអ្វីគ្រប់យ៉ាងដែលកម្ពុជា និងម៉ាឡេស៊ីសម្រេចបានរួមគ្នា។ លោកទេសរដ្ឋមន្រ្តី បានចាត់ទុកម៉ាឡេស៊ី ជាមិត្តដ៏ស្មោះត្រង់ និងគួរឱ្យកោតសរសើររបស់កម្ពុជា ជួយគ្នាទៅវិញទៅមកក្នុងគ្រាមានទុក្ខលំបាក។

ក្នុងពិធីជួបជុំនោះ លោកទេសរដ្ឋមន្រ្តី បានរំលឹកអំពីរឿងរ៉ាវរបស់ក្មេងប្រុសម្នាក់ ដែលឪពុករបស់គេបានបញ្ជូនឱ្យទៅរៀនអំពីរបៀបធ្វើអវៈយវៈសប្បនិមិត្តសម្រាប់ប្រជាជនកម្ពុជា ដែលនេះជាកាយវិការមនុស្សធម៌ដ៏ល្អប្រសើរ ជំនះរាល់គ្រប់ព្រំដែន សាសនា និងជំនឿទាំងអស់។

ទេសរដ្ឋមន្រ្តី បានលើកឡើងទៀតថា ខណៈពេលដែលយើងកំពុងជួបជុំគ្នានាពេលនេះ នៅទីកន្លែងណាមួយក្នុងប្រទេសកម្ពុជាអាចនឹងមានជនរងគ្រោះដោយសារមីនថ្មីម្នាក់ទៀត នេះជាមូលហេតុដែលធ្វើឱ្យការចូលរួមចំណែករបស់ម៉ាឡេស៊ី ពិតជាមានសារសំខាន់។

លោកទេសរដ្ឋមន្រ្តី មានជំនឿចិត្តយ៉ាងមុតមាំថា ប្រទេសទាំងពីរ នឹងធ្វើការរួមគ្នាចូលរួមដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងស្ថានការណ៍លំបាកនានា ក្នុងពេលអនាគត ដែលកិច្ចសហ ប្រតិបត្តិការនេះ ពិតជាមានសារៈសំខាន់ ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ ទោះបីសព្វថ្ងៃនេះស្ថានការណ៍ពិភពលោក មិនមានភាព ប្រាកដប្រជាប៉ុន្តែយើងពិតជាមានទំនុកចិត្តថា ប្រទេសយើងទាំងពីរ នឹងតែងតែជួយគ្នាទៅវិញទៅមក។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានកោតសរសើរ និងបានណែនាំឲ្យអតីតនិស្សិតទាំងអស់ ត្រូវបន្តរៀនសូត្រក្រេបយកចំណេះដឹង ពង្រឹងជំនាញ និងភាពជាអ្នកដឹកនាំ ពីប្រទេសម៉ាឡេស៊ី ដោយត្រូវមានមោទនភាពចំពោះខ្លួនឯង ដែលអនាគត គឺស្ថិតក្នុងដៃរបស់យើងទាំងអស់គ្នា ដែលនេះពិតជាមានសារៈសំខាន់ចំពោះអនាគតរបស់ប្រទេសកម្ពុជា។

ជាមួយគ្នានេះ លោក Eldeen Husaini Mohd Hashim មានបំណងកៀរគរធនធានពីបណ្តាអង្គការសង្គមស៊ីវិល និងជម្រុញឲ្យមានអ្នកវិនិយោគគិនបន្ថែមពីប្រទេសម៉ាឡេស៊ី ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញការងារមនុស្សធម៌ និងការងារវិនិយោគ នាពេលខាងមុខ ព្រមទាំងបានផ្ដល់នូវអាហារូបករណ៍មួយចំនួនជូនដល់សិស្សានុសិស្សកម្ពុជា តាមរយៈលោកទេសរដ្ឋមន្រ្តី លី ធុជ ផងដែរ៕