(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ នៅបរិវេណវត្តក្បាលបឹងសេះ លោក ប្រាជ្ញ ចន្ទ តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និងលោកស្រី លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤វត្ត រួមមាន៖ វត្តក្បាលបឹងសេះ វត្តកណ្ដាល វត្តក្បាលអូរ និងវត្តទួលវិហារមានជ័យ ស្ថិតនៅឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោក ប្រាជ្ញ ចន្ទ បានលើកឡើងថា ប្រទេសជាតិយើងសព្វថ្ងៃនេះកំពុងតែមានរីកចម្រើនជាលំដាប់ កំពុងកសាងលើគ្រប់វិស័យពិសេសវិស័យពុទ្ធចក្រ ក៏ដោយសារ តែប្រទេសមានសុខសន្ដិភាព ដែលបានមកពីក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងរឹងមាំពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

លោក ប្រាជ្ញ ចន្ទ ឲ្យដឹងថា ការចូលព្រះវស្សាគឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើងដើម្បីឱ្យព្រះសង្ឃ សាវ័កគ្រប់ព្រះអង្គប្រតិបត្តិតាមដែលមានរយៈពេល ៣ខែ គឺចាប់ថ្ងៃ១រោច ខែអាសាធ ដល់ទី១៥ កើត ខែអស្សុជ។ បុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។

ឆ្លៀតក្នុងឱកាសនោះ លោក ប្រាជ្ញ ចន្ទ ក៏បានធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ឱ្យបន្តការប្រុងប្រយ័ត្នខ្ពស់ជំងឺឆ្លងដ៏កាច សាហាវកូវីដ១៩ ដោយបង្កើនការធ្វើអនាម័យដើម្បីសុខភាពរស់នៅឱ្យបានល្អ ជាពិសេសត្រូវពាក់ម៉ាស ឬក្រម៉ា និងត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំ ជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគ ត្រូវរក្សាគម្លាតពីគ្នា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់រលកទី២ មេរោគកូវីដ១៩ នៅកម្ពុជា។

សូមបញ្ជាក់ថា ចំពោះទេយ្យទានសម្រាប់ប្រគេនព្រះសង្ឃ ក្នុងមួយវត្តទទួលបាន ទៀនវស្សា១គូរ, អង្ករ១០០គីឡូក្រាម, មី២កេះ, ត្រី២យួរ, ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ២យួរ, ទឹកក្រូច១កេស, ទឹកដោះគោ១០កំប៉ុង, ទឹកសុទ្ធច១កេស, តែ១០កញ្ចប់, ស្ករស១០គីឡូក្រាម, សាដក់១១កញ្ចប់ ក្នុងនោះព្រះចៅអធិការ៤អង្គ ក្នុង១អង្គ១០ម៉ឺនរៀល, ព្រះសង្ឃ៧អង្គ ក្នុងមួយអង្គ ៥ម៉ឺនរៀល។ ព្រមទាំងប្រគេនបច្ច័យកសាងវត្តក្បាលបឹងសេះចំនួន ២,៥០០,០០០រៀល និងវត្ត៣ទៀត ក្នុង១វត្តទទួលបានបច្ច័យកសាងចំនួន ១,៥០០,០០០រៀលផងដែរ៕