(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ស្នើរដ្ឋាភិបាលចិន ជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យមួយ នៅក្នុងខេត្ដកណ្ដាល ដើម្បីត្រៀមទុកពេលគម្រោងសាងសង់ អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី រួចជាស្ថានពរនៅឆ្នាំ២០២៣ ក្រសួងសុខាភិបាល នឹងអាចមានមន្ទីរពេទ្យស្ដង់ដារមួយ ដើម្បីផ្ដល់សេវាសុខភាព ជូនដល់អ្នកដំណើរពេលក្រៅប្រទេសចូលមកកម្ពុជា។

ការថ្លែងបែបនេះរបស់លោកស្រី ក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយមូលនិធិ ដើម្បីសន្ដិភាព និងអភិវឌ្ឍចិន (CFPD) ដែលប្រព្រឹត្ដទៅ នៅទីស្ដីការក្រសួងសុខាភិបាល នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ។

លោកស្រីរដ្ឋលេខាធិការបានថ្លែងបន្ដថា «តាមរយៈមូលនិធិដើម្បីសន្ដិភាព និងអភិវឌ្ឍចិន យើងបានស្នើសុំចិន ជួយសាងសង់មន្ទីរពេទ្យថ្មីមួយ នៅខេត្ដកណ្ដាល ដើម្បីបង្កើនប្រសិទ្ធិភាព និងពង្រីកសេវាសុខភាពឱ្យកាន់តែប្រសើរ និងលឿនរហ័ស ជូនពលរដ្ឋ ក៏ដូចជាអ្នកដំណើរពីក្រៅប្រទេសចូលមកកម្ពុជា តាមព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល»។

លោក ZHANG YAOWU ប្រធានការិយាល័យមូលនិធិដើម្បីសន្ដិភាព និងអភិវឌ្ឍចិននៅកម្ពុជា បានឯកភាពចំពោះយោបល់នេះ ហើយលោកនឹងនាំយកសំណើរនេះ ទៅកាន់រដ្ឋាភិបាលចិន ដើម្បីពិនិត្យមើលលើគម្រោងមួយនេះផងដែរ។

លោក ZHANG YAOWU បានថ្លែងបន្ដថា លោកនឹងបន្ដបេសកកម្មការងារនៅកម្ពុជា ខណៈដែលមានការិយាល័យនៅទីនេះផ្ទាល់។ ជាងនេះទៅទៀត មូលនិធិ នឹងបន្ដចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩នៅកម្ពុជាបន្ថែមទៀតផងដែរ។

មូលនិធិដើម្បីសន្ដិភាព និងអភិវឌ្ឍចិន (CFPD) មានកិច្ចសហប្រតិបត្ដិការជាមួយកម្ពុជា នៅឆ្នាំ២០១២ កាលពីឆ្នាំ២០១២ បានផ្ដល់ថវិកាចំនួន ៥៥ម៉ឺនដុល្លារ ដើម្បីសាងសង់មន្ទីរពេទ្យមិត្ដភាពចិន-កម្ពុជា នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ រួចជាស្ថានពរ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០១៣។ មូលនិធិនេះ បានផ្ដល់ថវិកាប្រមាណ២០ម៉ឺនដុល្លារទៀត សម្រាប់ទិញសម្ភារបរិក្ខារពេទ្យ មានដូចជារថយន្ដសង្គ្រោះជាដើម ក្រៅពីជួយការបណ្ដុះបណ្ដាល និងបច្ចេកទេស ផ្នែសម្ពព និងមន្ទីរពិសោធន៍ និងផ្នែកផ្សេងៗទៀត។

លោកស្រី យក់ សម្បត្ដិ បានថ្លែងបញ្ជាក់ថា កន្លងទៅនេះ មូលនិធិ បានជួយចុះជួយបាញ់ថ្នាំតាមខេត្ដក្រុងចំនួន១០នៅកម្ពុជា ដើម្បីចូលរួមការពារ ទប់ស្កាត់ជំងឺកូវីដ១៩រាតត្បាតតាមសហគមន៍។

ក្នុងឱកាសនោះ លោកស្រីបានថ្លែងអំណរគុណដល់ មូលនិធិដើម្បីសន្ដិភាព និងអភិវឌ្ឍចិន (CFPD) ក៏ដូចជាប្រជាជនចិន ជាពិសេស រដ្ឋាភិបាលចិន ដែលជាមិត្ដដែកថែប តែងតែជួយកម្ពុជារហូតមក ទោះក្នុងកាលៈទេសៈក៏ដោយ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ៕