(ភ្នំពេញ)៖ កម្មករ៤នាក់ដែលត្រូវ បានសមត្ថកិច្ចចាប់ខ្លួន អំឡុងមានបាតុកម្ម នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាធេន ក្រុងបាវិតកាលពី ខែមុន ត្រូវបានចៅក្រមនៃតុលាការខេត្តស្វាយរៀង សម្រេចឱ្យនៅក្រៅឃុំ កាលពីម្សិលមិញ ប៉ុន្តែពួកគេមិនទាន់ត្រូវដោះលែងនៅ ឡើយទេ ដោយសារតែមានការប្តឹងទាស់ដោយតំណាងអយ្យការ។

លោកស្រី ហេង បុង មេធាវីការពារក្តីឱ្យកម្មករទាំង៤នាក់ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ថា បន្ទាប់ពីកម្មករបានដាក់ពាក្យស្នើនៅក្រៅឃុំ កាលពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៨ ខែមករា តុលាការបានសម្រេចឱ្យពួកគេនៅក្រៅឃុំ ប៉ុន្តែព្រះរាជអាជ្ញា ដែលជាតំណាងអយ្យការបានជំទាស់ ហើយដាក់ពាក្យទៅសាលាឧទ្ធរណ៍ នៅព្រឹកមិញនេះ ទើបបណ្តាលឱ្យពួកគេ បន្តរស់នៅ ក្នុងការឃុំឃាំងបន្តទៀត រហូតដល់មានការសម្រេចម្តងទៀត ដោយសាលាឧទ្ធរណ៍។

កម្មករ៤នាក់នោះ ត្រូវបានសមត្ថកិច្ចខេត្តស្វាយរៀង ឃាត់ខ្លួនកាលពីថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីមានបាតុកម្មទាមទារ លក្ខខណ្ឌការងារ និងប្រាក់ឈ្នួលធំមួយ នៅតំបន់សេដ្ឋកិច្ចពិសេសម៉េនហាធេន ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងនោះមាន ទី១.ឈ្មោះ សុខ គង់ ភេទប្រុស ជាកម្មករនៅក្នុងរោងចក្រកៅវ៉េ ទី២.ឈ្មោះ វ៉ាន់ វិចិត្រ ភេទប្រុស ជាកម្មករនៅរោងចក្រឡុងប្រាយ ទី៣.ប៉ាល់ ឌីនសុម៉ាលីដា ភេទប្រុស ជាកម្មករនៅរោងចក្រឃីងម៉េកឃើ និងទី៤.ឈ្មោះ ខេង សុផា ជាកម្មកររោងចក្រសាន់ហ្វេង។

ក្រៅពីការចាប់ខ្លួនកម្មករទាំងនោះ សមត្ថកិច្ចក៏បានឃាត់ខ្លួន អ្នកពាក់ព័ន្ធក្នុងការតវ៉ាធ្វើបាតុកម្មនៅតំបន់សេដ្ឋកិច្ចពិសេសនេះ ចំនួន៧នាក់ ផ្សេងទៀតផងដែរ ខណៈដែលពេលនេះពួកគេកំពុងស្ថិតនៅក្នុងការឃុំឃាំងនៅឡើយ៕