(បន្ទាយមានជ័យ)៖ លោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនដែលទើបទទួលបានមុខតំណែងថ្មី ត្រូវខិតខំបំពេញតួនាទី និងអនុវត្តភារកិច្ចឲ្យបានល្អប្រសើរប្រកបទៅដោយភាពទទួលខុសត្រូវលើកិច្ច ការងារក៏ដូចជាឆ្លើយតបទៅនឹងសេចក្តីទុកចិត្តរបស់ថ្នាក់ដឹកនាំ ដែលបានសម្រេច តែងតាំងជាប្រធានមន្ទីរជំនួសប្រធានមន្ទីរចាស់ ដែលត្រូវផ្តាស់ប្តូរតួនាទីថ្មី ទៅបម្រើការងារនៅទីស្តីការក្រសួង វិញ។

សូមបញ្ជាក់ថា ក្រសួងសាធារណការ បានតែងតាំងលោក សុក ចាន់ថា អនុប្រធានមន្ទីរជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនថ្មី ជំនួសលោក គឹម សុវណ្ណ ប្រធានមន្ទីរចាស់ ដែលត្រូវផ្តាស់ប្តូរតួនាទី ទៅបម្រើការងារថ្មីនៅទីស្តីការក្រសួងវិញ។ ពិធីប្រកាសប្រធានមន្ទីរថ្មីធ្វើឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។

ក្នុងពិធីចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការថ្មីនេះ ក៏មានចូលរួមពីលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុ រាត្រី អភិបាលខេត្ត ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងឱកាសនោះ លោក ស៊ុយ សាន បានណែនាំថា ដើម្បីអនុវត្តកិច្ចការងារអភិវឌ្ឍក្នុងវិស័យសាធារណការ និងដឹកជញ្ជូន, លោកប្រធានមន្ទីរថ្មីត្រូវអនុវត្តទៅតាមការណែនាំថ្នាក់ដឹកនាំ សំដៅលើការការអភិវឌ្ឍនៅក្នុងខេត្ត ការផ្តល់សេវាសាធារណៈចាំបាច់ ក្នុងវិស័យដឹកជញ្ជូនផ្សេងៗឲ្យកាន់តែល្អប្រសើរ ទប់ស្កាត់ឲ្យបានរាល់ការដឹកទំនិញលើសទម្ងន់កំណត់ យានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ដែលធ្វើចរាចរណ៍តាមដងផ្លូវ សំដៅលុបបំបាត់កុំឲ្យមានរថយន្តទាំងអស់នេះចរាចរណ៍លើដងផ្លូវ ដែលជាហេតុអាចធ្វើឲ្យខូចផ្លូវ។

លោក សុក ចាន់ថា បានប្តេជ្ញាអនុវត្តទៅតាមសម្រេចដែលបានប្រកាសតែងតាំង និងខិតខំអនុវត្តតួនាទីភារកិច្ចឲ្យបានល្អ អនុវត្តតាមការណែនាំរបស់ថ្នាក់លើដែលបានផ្តល់ជូន ពិសេសការផ្តល់សេវាសាធារណៈចាំបាច់ ក្នុងវិស័យដឹកជញ្ជូនផ្សេងៗឲ្យកាន់តែល្អប្រសើរទប់ស្កាត់ឲ្យបានរាល់ការដឹកទំនិញលើសទម្ងន់កំណត់យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសផ្សេងៗ៕