(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ ជំនួយការរបស់លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានផ្ញើលិខិតមួយច្បាប់មកកាន់អង្គភាព Fresh News ដែលជាលិខិតឆ្លើយតប​ទៅនឹងសំណើរលើកទី២ របស់គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា។ ដោយលោកវេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់ថា លោកទទួលស្គាល់ថា មាន​ពេទ្យ​ដែល​ប្រកប​អាជីព​ដោយ​សមត្ថភាព និង​ក្រមសីលធម៌​ល្អជា​ច្រើន​ ដែល​បាននិង​កំពុង​បំពេញ​តួនាទី​យ៉ាងសកម្ម​ក្នុងការ​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា។

ដោយទង្វើនេះ អាចបង្ហាញថា វេជ្ជបណ្ឌិត គួច ម៉េងលី បន្ទន់ចរិយាបទខ្លះ ក្រោយគណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា នៅតែទាមទារឲ្យមានការសុំទោស(លិខិតលើកទី២)។

សូមជំរាបថា នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា បានផ្ញើលិខិតមួយច្បាប់ជូនលោកវេជ្ជបណ្ឌិត គួច ម៉េងលី បានឲ្យដឹងថា «គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា នៅតែយល់ឃើញថា ទោះជាចេតនាក្តី អចេតនាក្តី ទង្វើរបស់លោកបាន បង្កការ ខូចខាតដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃ​អ្នកប្រកប​វិជ្ជាជីវៈសុខាភិបាលនៅកម្ពុជា និងរបស់វិជ្ជាជីវៈសុខាភិបាលទាំងមូល។ គណៈវិជ្ជាជីវៈ សុខាភិបាលកម្ពុជា នៅតែទាមទារឲ្យលោក គួច ម៉េងលី សុំទោសជាសាធារណៈឲ្យស័ក្តិសម ជាគ្រូពេទ្យ​ដែលមានវិជ្ជាជីវៈ មានសីលធម៌មួយរូប។ គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា នឹងរក្សាការទាមទារនេះ នៅក្នុងកំណត់ត្រាប្រតិបត្តិវិជ្ជាជីវៈ ផ្ទាល់ខ្លួនរបស់លោក ដរាបណាលោកមិន ទាន់បំពេញបានត្រឹមត្រូវ»

នៅថ្ងៃទី១៩​ ខែមករា ឆ្នាំ២០១៦នេះ លោកវេជ្ជបណ្ឌិត គួច ម៉េងលី នាយកសាលារៀនអន្តរទ្វីបអាមេរិកកាំង បានបញ្ជាក់នៅលើលិខិតផ្លូវការរបស់លោក ផ្ញើជូនគណៈវិជ្ជាជីវៈកម្ពុជា មានន័យយ៉ាងដូច្នេះថា «​ខ្ញុំ​សូមបញ្ជាក់​ជាថ្មី​ម្តង​ទៀតថា អ្វីដែល​ខ្ញុំ​បានលើកឡើង គឺ​ផ្អែកលើ​ការជួប​ប្រទះ​ផ្ទាល់ខ្លួន​នូវ​ស្ថានភាព​មួយចំនួន​របស់ខ្ញុំ​កន្លងមក​។ ខ្ញុំ​ពុំបាន​រំពឹងថា ការបកស្រាយ​ពី​ការជួប​ប្រទះ​ផ្ទាល់ខ្លួន​នេះ​បណ្តាល​ឲ្យ​ប៉ះពាល់​​ ដល់​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ទាំងអស់​នោះទេ​។ យ៉ាងណាមិញ ខ្ញុំ​ទទួលស្គាល់ថា មាន​ពេទ្យ​ដែល​ប្រកប​អាជីព​ដោយ​សមត្ថភាព និង​ក្រមសីលធម៌​ល្អជា​ច្រើន​ដែល​បាន និង​កំពុង​បំពេញ​តួនាទី​យ៉ាងសកម្ម​ក្នុងការ​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​យើង»