(ភ្នំពេញ)៖ លោកបណ្ឌិត តេង សុខុមាល នាយកប្រតិបត្ដិនៃអាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ថា កំណើនថាមពល និងតម្រូវការប្រើប្រាសអគ្គិសនី នៅក្នុងឆ្នាំនេះ មានការកើនឡើងតិចជាងឆ្នាំមុន ដោយសារតែជួបបញ្ហាកូវីដ-១៩។

ការគូសបញ្ជាក់របស់ លោកបណ្ឌិត តេង សុខុមាល ធ្វើឡើងក្រោយបញ្ចប់ កិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការអនុគ្រោះ និងលើកទឹកចិត្ដ ចំពោះការបង់ថ្លៃអគ្គិសនី របស់អ្នកប្រើប្រាស់អគ្គិសនីប្រភេទ «ឧស្សាហកម្ម និងកសិកម្ម ពាណិជ្ជកម្ម រដ្ឋបាល និងសេវាកម្ម» ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២០។

កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើង នៅអាជ្ញាធរអគ្គិសនីកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ ដែលមានការចូលរួម ពីអ្នកប្រើប្រាស់អគ្គិសនីប្រភេទ «ឧស្សាហកម្ម និងកសិកម្ម ពាណិជ្ជកម្ម រដ្ឋបាល និងសេវាកម្ម» ជាច្រើនរូប។

លោកបណ្ឌិត តេង សុខុមាល បានបញ្ជាក់យ៉ាងដូច្នេះថា «ជាធម្មតាពីមួយឆ្នាំទៅមួយឆ្នាំ កំណើនថាមពល និងតម្រូវការ មានការកើនឡើង ប៉ុន្ដែការកើនឡើង នៅឆ្នាំ២០២០នេះ វាមិនមានការកើនឡើងច្រើន ដូចឆ្នាំមុនៗនោះទេ ដោយសារជួបកូវីដ ធ្វើឲ្យរោងចក្រមួយចំនួន ធ្វើការផលិតមានថយចុះ»

បន្ថែមពីនោះទៀត នាយកប្រតិបត្ដិ នៃអាជ្ញាធរអគ្គិសនីកម្ពុជា បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ រោងចក្រ និងសណ្ឋាគារធំៗ នៅខេត្តសៀមរាប ដែលមានការប្រើប្រាស់អគ្គិសនី មានការថយចុះយ៉ាងច្រើន។

បើតាមលោកបណ្ឌិត តេង សុខុមាល បានឲ្យដឹងថា ជារួមការថាមពលអគ្គិសនី បើធៀបនឹងឆ្នាំ២០១៩ នៅក្នុងឆ្នាំ២០២០នេះ មានការកើនឡើងចំនួន ប្រមាណ២០ភាគរយតែប៉ុណ្ណោះ។

គូសបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ ក្រសួងរ៉ែ និងថាមពល បានចេញប្រកាស ស្ដីពីការដាក់ឲ្យអនុវត្ដផែនការអនុគ្រោះ និងលើកទឹកចិត្ដ ចំពោះការប្រើប្រាស់អគ្គិសនី របស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២០។

ការប្រកាសនេះ ដើម្បីជួយសម្រួលការលំបាក ក្នុងការបង់ថ្លៃអគ្គិសនី ដែលបានព្យួរ ឬបន្ថយសកម្មភាព ផលិតកម្ម ឬអាជីវកម្ម និងលើកទឹកចិត្ត បង្កើនសកម្មភាព ផលិតកម្ម ឬ អាជីវកម្ម ក្នុងរយៈពេលអនុវត្តការណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩៕