(ភ្នំពេញ)៖ អ្នកដាំដុះ និងម្ចាស់ឧស្សាហកម្ម រួមទាំងថ្នាក់ដឹកនាំលើវិស័យឧស្សាហកម្មកៅស៊ូ នៅកម្ពុជាកំពុងព្រួយបារម្ភយ៉ាងខ្លាំងចំពោះ ការធ្លាក់ចុះនៃតម្លៃជ័រកៅស៊ូ ដែលធ្វើឲ្យអ្នកដាំដុះប្រឈមមុខនឹងការខាតបង់ ហើយអាចប្រឈមមុខ នឹងការបោះបង់ដំណាំនេះ នៅពេលខាងមុខក៏អាចថាបាន។

ជាមួយនឹងការព្រួយបារម្ភ និងការធ្លាក់ចុះយ៉ាងគំហុក នៃតម្លៃកៅស៊ូ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ សហប្រធានក្រុម ការងារ កសិកម្មនិងកសិឧស្សាហកម្ម ដែលដឹកនាំដោយលោកឧកញ៉ា ម៉ុង ឫទ្ធី បានចូលរួមស្តាប់នៅការលើកឡើងពីបណ្តាអ្នកប្រកប មុខរបបដាំ និងរោងចក្រច្នៃកៅស៊ូខ្នាតតូច មធ្យម និងខ្នាតធំ អំពីការខាតបង់របស់ពួកគេ នៅពេលដែលតម្លៃកៅស៊ូ ចាប់ផ្តើមធ្លាក់ យ៉ាងគំហុក នៅឆ្នាំ២០១៦នេះ។

តាមរយៈបណ្តាញសង្គម Facebook ឧកញ៉ា ម៉ុង ឫទ្ធី បានលើកឡើងថា អ្នកដែលរកស៊ីចំការកៅស៊ូបច្ចុប្បន្ន អ្នកមានចំការតូចខាតបង់ តិចអ្នកមានចំការធំខាតបង់កាន់តែច្រើន អ្នកខ្លះខាតបង់រហូតទៅដល់ ជាង៣០០ដុល្លារ យ៉ាងតិចបំផុតខាត២០០ដុល្លារ ក្នុង១តោន ជ័រស្ងួត។ បើតាមការប៉ាន់ស្មានប្រជាជន រស់ដោយផ្ទាល់និងប្រយោល ដោយសារជ័រកៅស៊ូ ប្រមាណជិត១លាននាក់ ប្រសិនបើតម្លៃ កៅស៊ូ នៅតែបន្តអូសបន្លាយមិនឡើងថ្លៃនោះ អាជីវករកៅស៊ូមួយភាគធំ មិនអាចមានប្រាក់បង់ធនាគារ ក៏ដូចជាបើកប្រាក់ពលកម្ម ឲ្យកម្មករបន្តទៅមុខទៀតនោះទេ គឺមានផ្អាកការប្រមូលផល និងបិទរោងចក្រ កែច្នៃរហូតដល់កៅស៊ូ មានតម្លៃប្រសើរឡើងវិញ តែប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ ប្រធានសមាគមកៅស៊ូកម្ពុជា លោក ម៉ក់ គឹមហុង បានប្រាប់អង្គភាព Fresh News តាមទូរសព្ទនៅរសៀលថ្ងៃទី១៩ ខែមករានេះថា តម្លៃកៅស៊ូបច្ចុប្បន្នកំពុងតែធ្វើបាប និងគំរាមគំហែងដល់ឧស្សាហកម្មកៅស៊ូ របស់កម្ពុជាហើយគ្មានអ្វីត្រូវដោះស្រាយ ក្រៅតែពីការរង់ចាំឲ្យទីផ្សារកៅស៊ូ អន្តរជាតិឡើងថ្លៃវិញនោះទេ។
 
បើតាមលោក ម៉ក់ គឹមហុង តម្លៃជ័រកៅស៊ូបច្ចុប្បន្ន បានធ្លាក់ថ្លៃមកនៅត្រឹម៧០០ដុល្លារក្នុង១តោន ដែលចំនួននេះធ្លាក់ចុះស្ទើរពាក់ កណ្តលបើធៀបនៅឆ្នាំ២០១៥ តម្លៃកៅស៊ូយ៉ាងតិច១២០០ដុល្លារ ដល់១៥០០ដុល្លារក្នុង១តោន ដែលតម្លៃនេះអាចធ្វើឲ្យអ្នកដាំកៅស៊ូ មានសង្ឃឹមបានចំណេញ។
 
ប្រធានសមាគមកៅស៊ូរូបនេះបញ្ជាក់ទៀតថា ការធ្លាក់ចុះតម្លៃកៅស៊ូនេះ មិនមែនធ្លាក់តែនៅកម្ពុជា គឺធ្លាក់ទូទាំងពិភពលោកហើយការ ធ្លាក់នេះដែរ អាចមកពីតម្រូវការប្រើប្រាស់ជ័រកៅស៊ូ មានការថយចុះ។ កៅស៊ូរបស់កម្ពុជាត្រូវបាននាំចេញ ដោយផ្ទាល់ និងប្រយោល ទៅកាន់ប្រទេសចិន ដែលជាទីផ្សារជ័រកៅស៊ូ ធំជាងគេបំផុតនៅពិភពលោក៕