(ភ្នំពេញ)៖ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ បានចាត់ឲ្យមន្រ្តីរបស់ខ្លួនមួយក្រុម នាំយកថវិកា២លានរៀល ទៅចូលរួមបុណ្យ និងអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសពនាយឧត្តម​សេនីយ៍ ញឹក ហួន នៅគេហដ្ឋានសពនៅក្រោយ​បន្ទាយយោធា DN ដើម្បីបង្ហាញការសោកស្តាយ យ៉ាងពន់ពេក ចំពោះការបាត់ថ្នាក់​ជាន់ខ្ពស់ យោធារបស់ប្រទេសជាតិ ដែលបានចូលរួមតស៊ូ និងវាយរំដោះជាតិ មាតុភូមិពីភ្លើងសង្គ្រាមជាមួយសម្តេចតេជោ ហ៊ុន សែន នាអតីតកាល។

ប្រតិភូស្នងការដ្ឋាននគរបា លរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ អ៊ុច សុខុន ស្នងការរងនគរបាល និងមន្រ្តីនគរបាលជាថ្នាក់ដឹកនាំមួយចំនួនទៀត។ សូមបញ្ជាក់ថា សពរបស់​នាយឧត្តមសេនីយ៍ ញឹក ហួន អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ហើយត្រូវបានគេស្គាល់ថា ជាយុទ្ធមិត្ត ដ៏ស្និតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានតស៊ូ​រំដោះប្រទេសជាតិ ចេញពីរបបអាវខ្មៅប្រល័យ ពូជសាសន៍ ប៉ុល ពត នឹងត្រូវរៀបចំពិធីបូជា នៅសួនច្បារមុខវត្តបុទមវត្តី ដែលជាទីតាំងដ៏សាកសម សម្រាប់អ្នកតស៊ូរបស់កម្ពុជា។ ជាក់ស្តែង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ មេរុសម្រាប់បូជាសពរបស់ឧត្តមសេនីយ៍ ញឹក ហួន កំពុងត្រូវបានរៀបចំយ៉ាងយកចិត្ត ទុកដាក់ នៅសួនច្បារវត្តបុទមវត្តី ដើម្បីឲ្យរួចរាល់តាមការគ្រោងទុក នៅថ្ងៃទី២១ ខែមករា ខាងមុខនេះ។ សូមជម្រាបថា នាយឧត្តមសេនីយ៍ ញឹក ហួន បានទទួលមរណភាព នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ដោយរោគគាពាធ ហើយសពរបស់លោក ត្រូវបានរៀបចំតម្កល់ធ្វើបុណ្យ តាមប្រពៃណីនៅគេហដ្ឋានក្រោយបន្ទាយដេអិន (DN)៕