(ភ្នំពេញ)៖ រថយន្ដដឹកសំរាមរបស់ក្រុមហ៊ុន CINTRI អ្នកបើកបើកបរមិនប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុកអ្នកបើកម៉ូតូ លក់អំពៅ សាង២នាក់ តាមដងផ្លូវ២នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរបង្កឲ្យមានការភ្ញាក់ផ្អើល ដល់កម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ មកអន្តរាគមន៍ ឃាត់ខ្លួនអ្នកបើកបររថយន្ដ បានភ្លាមៗនៅកន្លែងកើតហេតុ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើបានកើតឡើងនៅវេលាម៉ោង១០៖០០នាទីព្រឹកថ្ងៃទី១៩ ខែ មករា ឆ្នាំ ២០១៦ នៅចំណុចតាម បណ្ដោយផ្លូវសាលាដែក ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

អ្នកបើករថយន្ដបង្កឈ្មោះ សេង ហ័រ  អាយុ២៤ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ដដឹកសំរាម របស់ក្រុមហ៊ុន ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញរីឯរថយន្ដពណ៍ស លាយខៀវ មិនមានស្លាកលេខ របស់ក្រុមហ៊ុន CINTRI។ ចំណែកជនរងគ្រោះទី១ ឈ្មោះគិន យី  អាយុ៤០ឆ្នាំ មានមុខរបរជាអ្នកបើកម៉ូតូលក់អំពៅសាង ស្នាក់នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនិងមានស្រុកកំណើតនៅភូមិប្រាំយ៉ាម ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បើកម៉ូតូម៉ាសង់កូរ៉េC១០០ ពណ៍ក្រហម ពាក់ស្លាកលេខ១AY៤៥២៣ និងទី២ ឈ្មោះ ផង់ ណាន  អាយុ៣២ឆ្នាំ មានមុខរបរជាអ្នករុញរទេះលក់អំពៅសាងស្នាក់នៅ ក្បែរភូមិសង្កាត់ជាមួយជនរងគ្រោះទី១។

មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្ដដឹកសម្រាមរបស់ក្រុមហ៊ុន CINTRI បើកបរនិងជិះមានគ្នា៤នាក់ ស្របទិសគ្នា ជាមួយម៉ូតូសង់កូរ៉េនិងថ្មើជើងម្នាក់រុញរទេះ លក់អំពៅសាងពីលិចមកកើតដោយអ្នកបើកបរ រថយន្ដមានការ ធ្វេសប្រហែស ជាប់ប្រឡែងគ្នាជាន់ហ្វ្រាំងមិនជាប់បានជ្រុលចង្កូត ទៅបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង បណ្ដាលឲ្យ ដួលផ្លោងបោក និងថ្នល់រងរបួសធ្ងន់។

ដោយឡែករថយន្ដពុំទាន់អស់ល្បឿន បានជ្រុលទៅបុករះអ្នករុញរទេះម្នាក់ទៀត ខ្ទាតប៉ើងបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ទាំង២នាក់ ចំណែកម៉ូតូនិងរទេះរុញ លក់អំពៅសាង រងការខូចខាតទាំងស្រុង និងផ្លែអំពៅរាយពេញផ្លូវយ៉ាងច្រើន។

ក្រោយកើតហេតុបុរសរងគ្រោះទាំង២នាក់ត្រូវបានប្រជាពលរដ្ឋ ដឹកយកទៅឯមន្ទីរពេទ្យគិតិមាលា ហៅពេទ្យមួយ៧៩ ដើម្បីសង្គ្រោះ ចំណែកតៃកុងរថយន្ដត្រូវបាន នគរបាលប៉ុស្ដិ៍ឫស្សីកែវឃាត់ខ្លួនភ្លាមៗ នៅនិងកន្លែងកើតហេតុរួមទាំងរថយន្ដដើម្បីប្រគល់ឲ្យសមត្ថកិច្ច ជុំនាញការិយាល័យចរាចរផ្លូវគោកនៃស្នងការនគរបាល រាជធានីភ្នំពេញ រង់ចាំការដោះស្រាយគ្នាតាមច្បាប់នៅពេលក្រោយ ៕

 

Posted by Sheet on Monday, January 18, 2016