(កោះកុង)៖ លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា និងជាអភិបាលខេត្តកោះកុង បានក្រើនរំលឹកប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នជានិច្ច ចំពោះជំងឺកូវីដ១៩។

អភិបាលខេត្តកោះកុង ក្រើនរំលឹកបែបនេះ ក្នុងឱកាសដែលលោកស្រី និងលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល ដឹកនាំក្រុមការងារផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរាស្ត្រី មេម៉ាយ ជនរងគ្រោះ និងជនងាយរងគ្រោះចំនួន ២ឃុំ គឺឃុំស្រែអំបិល និងឃុំជីខក្រោម សរុបចំនួន៦១គ្រួសារ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។

លោកស្រីអភិបាលខេត្ត បញ្ជាក់ថា៖ «សូមផ្តាំផ្ញើប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយត្ន័ជាប់ជានិច្ចចំពោះមេរោគកូវីដ១៩ ដោយត្រូវថែទាំសុខភាព ធ្វើអនាម័យជាប់ជាប្រចាំក្នុងការរស់នៅ ពិសេសអនុវត្តឲ្យបានទៀងទាត់ តាមការណែនាំផ្សព្វផ្សាយអប់រំរបស់ក្រសួងសុខាភិបាល មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ ហើយយើងត្រូវចូលរួមទប់ស្កាត់ ការរីករាលដាលមេរោគកូវីដ១៩នេះ ជាប់ជានិច្ចផងដែរ»។

លោកស្រីបានបន្ថែមថា បើមានលក្ខណៈសង្ស័យពីសុខភាពខ្លួន ឬកូនចៅត្រូវអញ្ជើញទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតលំនៅដ្ឋានភ្លាម ៗដើម្បីឲ្យគ្រូពេទ្យធ្វើការពិនិត្យសុខភាព និងផ្តល់ប្រឹក្សាជូន ហើយត្រូវធ្វើការអនាម័យជាប់ជានិច្ច តាមការណែនាំផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។

បន្ថែមលើនេះ លោកស្រី មិថុនា ភូថង បានថ្លែងទៀតថា ទោះបីជំងឺឆ្លងកូវីដ១៩ ដែលមានការរីរាលដាលនៅលើពិភពលោកក៏ដោយ កាកបាទក្រហមកម្ពុជានៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេចតែងតែគិតគូរជានិច្ចពីសុខទុក្ខ សុខភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាដោយមិនគិតភាពលំបាក ជិត ឬឆ្ងាយ ព្យុះភ្លៀងឡើយកាកបាទក្រហមកម្ពុជាទៅដល់ទីនោះភ្លាមដោយមិនរុញរៀឡើយ។

អំណោយដែលត្រូវផ្តល់ជូនពលរដ្ឋក្រីក្រ និងអតីតយុទ្ធជនទាំង៦១គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម គ្រឿងឧបភោគបរិភោគមួយចំនួន និងសម្ភារសម្រាប់ការពារជំងឺ១៩ ព្រមទាំងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕