(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋប្រមាណ ២០៥នាក់ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នេះ បានចូលរួមជិះកង់ ដើម្បីអបអរសាទររំលឹកខួបលើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត នៅតំបន់កោះថ្ម ឬតំបន់ X16 នាស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ព្រឹត្តិការណ៍ជិះកង់លក្ខណៈកម្សាន្ដ ឆ្ពោះទៅតំបន់ប្រវត្តិសាស្ដ្រនេះ រៀបចំដោយកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយាន ដោយមាននាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺជាប្រធានគណៈកម្មការរៀបចំការប្រកួត។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយា បានបញ្ជាក់ថា ការប្រកួតនេះ បែងចែកជា ២ដំណាក់កាល ទី១-ចេញដំណើរពីមុខវិមានឈ្នះឈ្នះ រហូតដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកខ្សាច់កណ្ដាលមានចម្ងាយ ២២គីឡូម៉ែត្រ និងទី២-ចេញពីរង្វង់មូលមេមត់ ឆ្ពោះទៅតំបន់ប្រវត្តិសាស្ដ្រកោះថ្មី (X16) ដែលមានចម្ងាយ ៣៧គីឡូម៉ែត្រ ដែលជាបណ្ដោយផ្លូវសម្ដេចតេជោ ហ៊ុន សែន ធ្វើដំណើរទៅសុំជំនួយពីវៀតណាម ដើម្បីផ្ដួលរំលំរបបប៉ុលពត។

ជាមួយរៀបចំព្រឹត្តិការណ៍នេះដែរ ក្រៅពីអបអរសាទររំលឹកខួបទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត សហព័ន្ធក៏រំពឹងថា ព្រឹត្តិការណ៍នេះ នឹងរួមចំណែកបំផុសចលនាមហាជន និងយុវជនចូលរួមកីឡាទោចក្រយានកាន់តែច្រើន ពិសេសក្រោយស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាល ដើម្បីជំរុញកីឡានេះឲ្យកាន់តែរីកចម្រើន ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

ឆ្លៀតឱកាសលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ដែលបានចូលរួមផងដែរ បានសម្ដែងការសាទរ និងគាំទ្រ ចំពោះការរៀបចំព្រឹត្តិការណ៍នេះឡើង។ លោកថា «ព្រឹត្តិការណ៍នេះ រៀបចំដោយកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយសហព័ន្ធ ទី១-យើងអបអរសាទរខួបទី៤៣ នៃការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ហើយសហព័ន្ធក៏ចង់ឲ្យបងប្អូនយើងមានវប្បធម៌ជិះកង់ ដើម្បីសុខភាព និងលើកតម្លៃកីឡា ដូច្នេះហើយបានជាពួកយើងត្រូវចូលរួម ដើម្បីសុខភាពផង និងដើម្បីព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះផង»។

គួរបញ្ជាក់តា តាមគម្រោងព្រឹត្តិការណ៍ជិះកង់ ឆ្ពោះទៅតំបន់ប្រវត្តិសាស្ដ្រនេះ គ្រោងនឹងបញ្ចប់នាម៉ោង ៤រសៀលថ្ងៃសុក្រនេះ ដោយលោកឧត្តមសេនីយ៍ សៅ សុខា នឹងរង់ចាំផ្ទាល់នៅកន្លែងបញ្ចប់នាតំបន់កោះថ្មី (X16) ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ លើសពីនេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសហព័ន្ធខ្មែរកីឡាទោចក្រយាន ក៏គ្រោងរៀបចំព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំផងដែរ៕