(ភ្នំពេញ)៖ ប្រធានក្រុមហ៊ុន WeGO Taxi App លោក ខេន សុវណ្ណរ៉ា បាននាំនូវសំភារៈមួយចំនួនរួមមាន ម៉ាស់ ម៉ាស៊ីនកំដៅ ជែលលាងដៃ និង Spray បាញ់ដៃ ជូនដល់លោក ដួង តារា ជំនួយការសម្ដេចតេជោ ហ៊ុន សែន និងជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីចូលរួមចែករំលែកជាមួយនឹងសកម្មភាពមនុស្សធម៌ ដែលលោកតែងតែយកចិត្តទុកដាក់ជួយកន្លងមក។

នៅក្នុងពិធីជូនសម្ភារៈសប្បុរសធម៌នេះ លោក ដួង តារា បានថ្លែងអំណរគុណដល់ក្រុមហ៊ុន WeGO Taxi ដែលបានរកស៊ីនៅក្នុងប្រទេសកម្ពុជា ហើយបានចូលរួមជាសកម្មភាព សប្បុរសធម៌ ជួយដល់ប្រជាជន ក៏ដូចជាមន្ត្រីរាជការដែលត្រូវការនូវសម្ភារៈប្រើប្រាស់ដើម្បីបង្ការនូវជំងឺខូវីដ១៩។

លោក ដួង តារា បានបញ្ជាក់បន្ថែមទៀតថា សម្ភារៈដែលទទួលបានពីក្រុមហ៊ុន WeGO Taxi ថ្ងៃនេះ នឹងចែកជូនបន្តទៅដល់បុគ្គលិកអនាម័យក៏ដូចជា បងប្អូនកងការពារនៅក្នុងវិមានសន្តិភាព ដើម្បីឲ្យពួកគាត់ទទួលបាននៅសម្ភារៈការពារសុខភាពរបស់ពួកគាត់ឲ្យបានកាន់តែល្អប្រសើរ។

លោក ខេន សុវណ្ណរ៉ា ប្រធានក្រុមហ៊ុន WeGO Taxi បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ដួង តារា ដែលបានផ្ដល់ឱកាសឲ្យលោកបានចូលជួប និងបាននាំនូវសំភារៈការពារជម្ងឺកូវីដ១៩ មួយចំនួនដើម្បីចូលរួមនៅក្នុងសកម្មភាពមនុស្សធម៌ថ្ងៃនេះ។

លោក ខេន សុវណ្ណរ៉ា បានលើកឡើងបន្តទៀតថា លោកនឹងចូលរួមបន្តទៀតមិនថាតែសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ទេ ប៉ុន្តែនឹងមានការចូលរួមនូវសកម្មភាពមនុស្សធម៌ ផ្សេងទៀតដូចជា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ និងបាតុភាពផ្សេងៗទៀតតាមរយៈលោក ដួង តារា តាមលទ្ធភាពរបស់ក្រុមហ៊ុនដែលអាចធ្វើទៅបាន ដើម្បីរួមចំណែកនៅក្នុងការជួយដល់សង្គមក្រោមដំបូលសន្តិភាពដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

សូមបញ្ជាក់ថា ក្រុមហ៊ុន WeGO Taxi ជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកអ្នកដំណើរតាមរយៈកម្មវិធីទូរស័ព្ទដៃទំនើប WeGO Taxi App ដែលលោកអ្នកអាចទាញយកពី App Store ឬ Play Store ដើម្បីកក់ការធ្វើដំណើរតាមកង់បី និងរថយន្តតាក់ស៊ីបានយ៉ាងងាយស្រួល។ WeGO ជឿជាក់ក្នុងការធ្វើដំណើរ៕