(ក្រចេះ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់​​ និងបង្ក្រាបបទល្មើសព្រៃឈើ នៅវេលាម៉ោង១១:៥០នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ បាននិងកំពុងដឹកនាំក្រុមការងារ ចូលឆែកឆេរឃ្លាំងស្តុកឈើ របស់ក្រុមហ៊ុន តុងមិន ស្ថិតនៅឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ក្រោយបញ្ចប់ការចូលឆែកឆេរ នៅក្រុមហ៊ុន China Dynamic នៅឃុំរលួស នាព្រឹកថ្ងៃដដែលនេះ។

មន្រ្តីនគរបាលខេត្តក្រចេះ ដែលចួលរួមនៅក្នុងប្រតិបត្តិការដ៏ធំមួយនេះ បានឲ្យដឹងថា ឈើរាប់រយម៉ែត្រគូប ត្រូវបានរកឃើញនៅក្នុងឃ្លាំងស្តុកឈើ របស់ក្រុមហ៊ុនតុងមិន។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំសមាជិក នៃគណៈកម្មការជាតិ ចុះត្រួតពិនិត្យទីតាំងស្តុកឈើ នៅភូមិរលួស ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ ក្រោយពីនាយឧត្តមសេនីយ៍ និងក្រុមការងារ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ដែលផ្តល់ជូនដោយសម្តេចតេជោ ហ៊ុន សែន ទៅដល់ខេត្តក្រចេះ នៅថ្ងៃទី១៨ ខែមករា។

នៅក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ អង្គប្រជុំបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការទប់ស្កាត់​ និងបង្ក្រាបបទល្មើសព្រៃឈើ តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដោយរៀបចំផែនការយុទ្ធសាស្ត្រ មានយន្តការច្បាស់លាស់ ដើម្បីសម្រេចបាននូវភារកិច្ចរបស់ខ្លួន ដោយជោគជ័យ។

លោកឧត្តមសេនីយ៍ អេង ហីុ អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា នៅរសៀលថ្ងៃទី១៨ ខែមករា នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ទប់ស្កាត់​ និងបង្ក្រាបបទល្មើសព្រៃឈើ បានដឹកនាំសមាជិកនៃគណៈកម្មការជាតិ ចុះដល់ទីតាំងស្តុកឈើ នៅខេត្តត្បូងឃ្មុំ ដើម្បីត្រួតពិនិត្យជាក់ស្តែង។

គណៈកម្មការជាតិបានរៀបចំមណ្ឌលប្រតិបត្តិការ ២៤\២៤ម៉ោង ទទួលព័ត៌មានអំពីបទល្មើសព្រៃឈើ ដែលមានទូរស័ព្ទលេខ៖ ០២៣ ៦២៦៧២៦៧, ០២៣ ៦២៦៨២៦៨, ០២៣ ៦២៦៩២៦៩។

គណៈកម្មការជាតិ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ឱ្យចូលរួមសហការផ្តល់ព័ត៌មាន អំពីបទល្មើសព្រៃឈើនេះផងដែរ តាមរយៈលេខទូរសព្ទខាងលើ។