(កោះកុង)៖ «ព្រៃកោងកាងជារបៀងយុទ្ធសាស្រ្តតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ មិនតែប៉ុណ្ណោះបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជនៃមច្ឆធម្មជាតិដែលជាប្រភពធនធានសមុទ្រដ៏សម្បូរបែប ហើយចាំបាច់យើងត្រូវការរពារ អភិរក្ស និងដាំស្តារព្រៃកោងកាងឡើងវិញ»។

នេះគឺជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នេះ ក្នុងឱកាសដែលលោកដឹកនាំប្រតិភូក្រសួងបរិស្ថាន ចុះពិនិត្យដំណើរការចិញ្ចឹមខ្យងចំពុះទា និងការកែច្នៃផលិតផលជាច្រើនទៀតក្នុងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប នៃដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងភូមិសាស្ត្រទឹកដីខេត្តកោះកុង។

ខេត្តកោះកុង បើតាមការឱ្យដឹង របស់រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាខេត្តដែលមានព្រៃកោងកាងច្រើនជាងគេ ក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំង៤ របស់កម្ពុជា។

លោក នេត្រ ភក្ត្រា បានថ្លែងថា កម្ពុជាមានផ្ទៃដីព្រៃកោងកាង សរុបចំនួន ៥៨,៨០០ហិកតា ដែលក្នុងនោះនៅខេត្តកែបមានទំហំ ១,០០៥ហិកតា ខេត្តកំពតមានទំហំ ១,៩៦៦ហិកតា ខេត្តព្រះសីហនុ មានទំហំ ៩,៣៥២ហិកតា និងខេត្តកោះកុង មានទំហំ ៤៦, ៥២៩ហិកតា។ ព្រៃកោងកាងជាប្រភេទព្រៃដុះលូតលាស់នៅតាមតំបន់ឆ្នេរទឹកភ្លាវ ក្រោមឥទ្ធិពលទឹកជោនាចពីសមុទ្រ និងជាទីប្រសព្វជាមួយទឹកសាប ដែលមានប្រភពពីតំបន់ឆ្នេរដីគោក។ ព្រៃកោងកាងជាសម្បត្តិធម្មជាតិមហាសាល សម្រាប់មនុស្សជាតិទូទៅ ពិសេសប្រជាជនដែលរស់នៅ និងប្រកបមុខរបរអ្នកនេសាទតំបន់សមុទ្រ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានលើកឡើងពីអត្ថប្រយោជន៍ព្រៃកោងកាង ដោយផ្តោតលើផ្នែកប្រព័ន្ធអេកូឡូស៊ី ព្រៃកោងកាងបានផ្តល់នូវគុណប្រយោជន៍ខ្ពស់ និងដើរមុខងារសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ និងសមុទ្រ ដូចជា ជារបៀងជម្រកតភ្ជាប់ពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ការពារជម្រាលដីពីការសិករិចរិល ជាកន្លែងបង្កាត់ពូជ និងថ្នាលសម្រាប់សរីរាង្គសត្វសមុទ្រមួយចំនួនរួមមានបង្កង ក្តាម និងប្រភេទត្រីសមុទ្រដែលជាប្រភពសេដ្ឋកិច្ចដ៏សំខាន់ក្នុងតំបន់។ ព្រៃកោងកាងជាជម្រក និងកន្លែងរកចំណី នៃសត្វមានជីវិតដូចជាសត្វឆ្អឹងខ្នង ត្រី, amphibians (សត្វឆ្អឹងខ្នងមានឈាមត្រជាក់), សត្វល្មូន, បក្សី និងថនិកសត្វដូចជាសត្វខ្លា និងជាប្រភពដ៏ល្អផ្តល់ព្រៃឈើ និងផ្តល់ចំណីដែលមានប្រូតេអ៊ីនខ្ពស់ សម្រាប់មនុស្ស និងជីវចម្រុះ ព្រមទាំងចូលរួមចំណែកទប់ស្តាត់ផលប៉ះពាល់លើធនធានជីវៈចម្រុះសមុទ្រ ដែលកំពុងតែរងផលប៉ះពាល់ ពីសកម្មភាពមនុស្ស និងមហន្តរាយធម្មជាតិ។ ជាមួយគ្នានេះ ព្រៃកោងកាងបន្សុទ្ធទឹកដោយស្រូបយកភាពមិនបរិសុទ្ធ និងគ្រោះថ្នាក់ធ្ងន់ធ្ងរពីលោហះ និងជួយឱ្យយើងស្របយកខ្យល់ដង្ហើបបរិសុទ្ធដោយវាជួយស្រូបយកជាតិពុលនៅលើអាកាស។

នៅក្នុងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ លោក នេត្រ ភក្ត្រា បានថ្លែងថា ព្រៃកោងកាងដើរតួនាទីដ៏មានតម្លៃសម្រាប់ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិដូចជាព្យុះស៊ីក្លូន គ្រោះមហន្តរាយ លើអេកូឡូស៊ី និងជាអ្នកការពារតំបន់ឆ្នេរសមុទ្រ។ ដើមកោងកាងមិនត្រឹមតែជួយក្នុងការការពារដីហូរច្រោះប៉ុណ្ណោះទេ តែវាក៏ដើរតួនាទីជាកាតាលីករក្នុងការនាំដីពីសមុទ្រមកដីគោកវិញផងដែរ។ កោងកាងផ្តល់នូវការបន្ស៊ាំធម្មជាតិទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ និងចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

លោកឱ្យដឹងថា ការអភិរក្សដើមកោងកាង និងប្រព័ន្ធអេកូឡូស៊ីដែលជាប់ទាក់ទងត្រូវបានគេកំណត់ថាជាយុទ្ធសាស្ត្របន្ស៊ាំធម្មជាតិ និងវិធានការកាត់បន្ថយផលប៉ះពាល់ចំពោះការប្រែប្រួលអាកាសធាតុ។ ដើមកោងកាង គឺជាតំបន់ទ្រនាប់រវាងដី និងសមុទ្រ ទប់នឹងបញ្ហាធ្ងន់ធ្ងរនៃការហូរច្រោះតាមឆ្នេរសមុទ្រ និងការគំរាមកំហែងនៃការកើនឡើងនៃកម្ពស់ទឹកសមុទ្រ។ ព្រៃកោងកាងជួយគ្រប់គ្រងការហូរចូលរបស់ទឹកសមុទ្រមកលើដីធម្មជាតិ។

ចំពោះផលប្រយោជន៍សេដ្ឋកិច្ច លោក នេត្រ ភក្ត្រា បានបន្ថែមថា ព្រៃកោងកាង ក្នុងខេត្តកោះកុង ពិសេសតំបន់ពាមក្រសោប បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជ ដែលជាប្រភពធនធានសមុទ្រសំបូរបែប ដូចជា ផ្តល់ផលវារីវប្បកម្មពីខេត្តកោះកុង មាន ១៥,១០០តោន ក្នុង១ឆ្នាំ។ ផលនេសាទសមុទ្ររបស់ខេត្តកោះកុង ពិសេសពីតំបន់ពាមក្រសោប មានចំនួន ១១,៦៨០តោន កាលពីឆ្នាំ២០១៩កន្លងទៅ។ លើសពីនេះ តំបន់ព្រៃកោងកាងជាប្រភពដ៏សំខាន់នៃការបង្កើតប្រាក់ចំណូលសម្រាប់សហគមន៍តាមតំបន់ឆ្នេរ ដូចជា៖ ការនេសាទ និងអេកូទេសចរណ៍។

ដោយមើលឃើញពីសារសំខាន់នៃព្រះកោងកាងនេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវឱ្យប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិសូមចូលរួមការពារនិងអភិរក្សដើមកោងកាង និងសូមចូលរួមដាំដើមកោងកាងបន្ថែម ដើម្បីនិរន្តរភាពនៃបរិស្ថាន និងជីវៈចម្រុះសមុទ្រ៕