(បន្ទាយមានជ័យ)៖ រដ្ឋបាលក្រុងប៉ោយប៉ែត សំអាតអនាម័យបរិស្ថាន ផ្សព្វផ្សាយដាក់ស្មារតីឲ្យប្រជាពលរដ្ឋចូលរួម ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ នៅតាមដងផ្លូវជាតិលេខ៥ ពីចំណុចផ្សារកណ្តាល ដល់ចំណុចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

យុទ្ធនាការនេះ ដឹកនាំដោយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត មានការចូលរួមកម្លាំងទាំងបី មន្ត្រីបរិស្ថានក្រុង យុវជនគណបក្ស អាជ្ញាធរ ភូមិ សង្កាត់ក្រុង និងប្រជាការពារភូមិប្រមាណ១០០នាក់។

ចៅសង្កាត់រងប៉ោយប៉ែតទី១ លោក វ៉ា ជឹមណារ៉េត មានលើកឡើងថា ការសំអាតអនាម័យបរិស្ថាន រើសសំរាម លាងផ្លូវថ្នល់ បាញ់ថ្នាំលាងសំអាតមេរោគ និងការផ្សព្វផ្សាយតាមរថយន្តប្រចាំថ្ងៃ។

ការងារនេះធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ គុណភាពបរិស្ថាន និងអនាម័យ តាមរយៈការធ្វើអនាម័យបរិស្ថានរួមគ្នា ផ្សព្វផ្សាយ អប់រំដល់សាធារណជនទូទៅ នូវការផ្លាស់ប្តូរឥរិយាបថ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃ ឲ្យមានការគិតគូរអំពីការសំអាតអនាម័យបរិស្ថាន ដូចជាការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ចោលសំរាមឲ្យចំធុងសំរាមជាដើម។

លោក វ៉ា ជឹមណារ៉េត បានបញ្ជាក់ថា ការធ្វើអនាម័យបរិស្ថាន ក៏មានគោលដៅបំបាត់ឲ្យខាងតែបាននូវភាពកខ្វក់ សំរាម និងកាកសំណល់ផ្សេងៗ ដើម្បីកែលម្អគុណភាព បរិស្ថានក្រុងឲ្យមានសោភ័ណភាព មានផាសុកភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ៕