(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជាបាន បានតាក់តែងបទចម្រៀងមួយបទក្រោមចំណងជើងថា «ព្រះនាងឥន្ទ្រទេវី»។ បទចម្រៀងដែលពោលសរសើរពីវីវៈភាពរបស់ព្រះនាងឥន្ទ្រទេវី មួយបទនេះ បានទទួលការចាប់អារម្មណ៍ជាច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរ។

បទចម្រៀងដែលយកលំនាំបទដើម ប្រាស្នាព្រះមហោសថ បានអធិប្បាយពីគុណបំណាច់របស់ព្រះនាងឥន្ទ្រទេវី ដែលអគ្គមហេសីនៃព្រះបាទជ័យវរ្ម័នទី៧ ក្នុងការបំពេញព្រះរាជកិច្ចជំរុញវិស័យសិក្សាធិការជាតិ នាសម័យមហានគរ ដែលជាសម័យកាលដ៏រុងរឿងនៃចក្រភពអង្គ។

បទ«ព្រះនាងឥន្ទ្រទេវី» បានអន្ទងចិត្តយុវជនជំនាន់ថ្មី ឲ្យងាកមកចាប់អារម្មណ៍ ចង់ស្វែងយល់បន្ថែម ពីគុណបំណាច់ និងស្នាដៃដ៏ឧត្តុង្គឧត្តមរបស់ព្រះនាងឥន្ទ្រទេវី ដែលជាក្សត្រីល្បីល្បាញ និងជាអ្នកប្រាជ្ញខ្មែរ មានចំណេះខ្ពង់ខ្ពស់ជាសាស្ត្រាចារ្យ បានបណ្តុះបណ្តាលបញ្ញវន្តជាន់ខ្ពស់ជាច្រើនឲ្យក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ជាតិ។

បទចម្រៀងដែលបង្ហាញពីគុណតម្លៃក្សត្រីមហាអង្គរនៃយើងនេះ ត្រូវបានតាក់តែងឡើងដោយនិស្សិតសរ រិទ្ធី ជំនាញទស្សនវិជ្ជា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនានទី៧ វគ្គ១ នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការកែសម្រួលពីលោកបណ្ឌិត យង់ ពៅ អគ្គរដ្ឋលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងសហការផលិតដោយនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនានទី៧ វគ្គ១ ។

បទចម្រៀងមួយបទនេះ ធ្វើឡើងក្រោយពេលដែល រាជបណ្ឌិត្យសភាកម្ពុជាដែលជាស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ បានកសាង បដិមាព្រះនាងឥន្ទ្រទេវី ដែលសិត(ចាក់ពុម្ព)អំពីលោហៈ(ស្ពាន់) នាឆ្នាំ២០១៩កន្លងទៅ។ ដើម្បីរំលឹកដល់គុណបំណាច់របស់ព្រះនាងដែលមានស្នាដៃឆ្នើមក្នុងវិស័យអប់រំ ពិសេសគឺភាសាសាស្ត្រ និង ក្នុងវិស័យព្រះពុទ្ធសាសនា ដើម្បីទុកជាសម្បត្តិជាតិ ដែលជាអត្តសញ្ញាណជាតិដ៏វិសេសវិសាល។

បដិមាព្រះនាងឥន្រ្ទទេវីសិត(ចាក់ពុម្ព)ពីស្ពាន់ មានព្រះភក្ត្រញញឹម ព្រះហស្ថខាងស្តាំកាន់កម្រងផ្កាទម្លាក់ចុះ ព្រះហស្ថខាងឆ្វេងកាន់ផ្កាឈូក ទ្រង់គ្រឿងមកុដរាងក្រពុំឈូក មានក្បាំងមកុដ មានពាក់ក្រវិលកង មានពាក់កងដៃ ស្នាប់ដៃ កងជើង មានគ្រងសង្វារព័ទ្ធ(ឆៀងខ្វែង) ខ្សែក្រវាត់ ស្លៀកសំពត់រាងកន្ទុយត្រី ព្រមទាំងមានជើងទម្រជាផ្កាឈូកដែលផ្ទៃជុំវិញរចនាជាក្បាច់ត្របកឈូក លាតផ្កាប់ ត្របកឈូកលាតផ្ងារ និង មានសត្វក្រពើនៅព័ទ្ធពីក្រោម។ បដិមាព្រះនាងឥន្ទ្រទេវីកសាងឡើងនៅក្នុងលក្ខណៈ ដែលព្រះនាងមានឥទ្ធិពលនៅក្នុងរាជកិច្ច ជាពិសេសកិច្ចការ អប់រំ និងសាសនារបស់ជាតិ។

គួរបញ្ជាក់ដែរថា ដើម្បីរម្លឹកពីគុណបំណាច់របស់ព្រះនាងឥន្ទ្រទេវី ក្នុងវិស័យសិក្សាធិការជាតិ រាជបណ្ឌិត្យសភាកម្ពុជា មិនត្រឹមតែយ៉ាងសង់បដិមាព្រះនាងនោះទេ តែថែមទាំងបានដាក់ឈ្មោះអគារសិក្សារដែលបណ្ដុះបណ្ដាលធនធានបញ្ញវន្តខ្មែរ នៅរាជបណ្ឌិត្យសភាកម្ពុជានូវព្រះនាម របស់ព្រះនាងឥន្ទ្រទេវី ថែមទៀតផង៕