(កណ្តាល)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បន្តទទួលបានថវិការមនុស្សធម៌ពីស្នងការដ្ឋាននគបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសប្បុរសជននានា បានជិត៣ម៉ឺនដុល្លារបន្ថែមទៀត ដើម្បីចូលរួមនិងគាំទ្រជាមួយសកម្មភាពមនុស្សធម៌ ក្នុងគោលបំណងចូលរួមអបអរសាទរ ខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំស្រលាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»

ពិធីប្រគល់ទទួលនេះ បានធ្វើឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តកណ្តាល នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។

លោក គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកប្រធាន មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សប្បុរសជននានា និងសហការីដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិធនធានផ្ទាល់ខ្លួន ជួយឧបត្ថម្ភជូនសាខាកាកបាទ ក្រហកម្ពុជាខេត្តកណ្តាល។

លោកអភិបាលខេត្តកណ្តាលសូមសន្យាថា សាខាកាកបាទក្រហកម្ពុជាខេត្ត នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្ត ដោយមិនការរើសអើងពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ គឺទីណាមានកាលំបាកទីនោះមានកាកបាទក្រហកម្ពុជា ដោយស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមកម្ពុជា។

គួរបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ជាថវិការួមមាន ស្នងការដ្ឋាននគបាលខេត្តកណ្ដាល ថវិកាចំនួន៥,០០០ដុល្លារ មន្ទីរពាណិជ្ជកម្មខេត្ត ថវិកាចំនួន ២,០០០ដុល្លារ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថវិកាចំនួន ៣,១០០ដុល្លារ លោកស្រីនាយិកាក្រុមហ៊ុនឯកជន ថវិកាចំនួន ៣,០០០ដុល្លារ និងម្ចាស់កំពង់ចម្លង និងភ្នំពេញ-អរិយក្សត្រ ថវិកាចំនួន ៥០លានរៀល៕