(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ បានសម្រេចផ្តល់ក្តីអនុគ្រោះឱ្យប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំងអស់ ដែលមិនមានលិខិតឆ្លងដែនរបស់កម្ពុជា អាចធ្វើដំណើរចូលមកប្រទេសកម្ពុជា ដោយមិនបាច់បំពេញលក្ខខណ្ឌមួយចំនួនដូចជាជនបរទេសនោះឡើយ។

សូមរំលឹកថានៅមុននេះ ដើម្បីជាវិធានការទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងដោះស្រាយបញ្ហាបង្កដោយជំងឺកូវីដ១៩នោះ រាជរដ្ឋាភិបាលកម្ពុជា បានតម្រូវឱ្យអ្នកកាន់លិខិតឆ្លងដែនបរទេសទាំងអស់មុនចូលមកប្រទេសកម្ពុជា ក្រៅតែពីមានបណ្ណបញ្ជាក់សុខភាពថាគ្មានជំងឺកូវីដ១៩ហើយនោះ តម្រូវឱ្យពួកគេមានប្រាក់ធានារ៉ាប់រងសុខភាពក្នុងទឹកប្រាក់ប្រមាណ ៥ម៉ឺនដុល្លារ ហើយត្រូវតម្កល់ប្រាក់ ៣ពាន់ដុល្លារថែមទៀត ដើម្បីទុកបម្រុងចំណាយផ្សេងៗក្នុងករណីពួកគេមានជំងឺកូវីដ១៩។

ការសម្រេចបែបនេះ ក៏បានបង្កជាការលំបាកសម្រាប់ប្រជាពលរដ្ឋខ្មែរដែលបានភៀសខ្លួនទៅរស់នៅក្រៅប្រទេសក្នុងសម័យសង្គ្រាម ហើយមានតែលិខិតឆ្លងដែនបរទេសមិនមានលិខិតឆ្លងដែនរបស់ព្រះរាជាណាចក្រកម្ពុជានោះ។ ពួកគេបានស្នើទៅកាន់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជួយសម្រួលលក្ខខណ្ឌទាំងនេះ ដើម្បីបង្កភាពងាយស្រួល និងកាត់បន្ថយការចំណាយរបស់ពួកគេក្នុងការបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាជាទឹកដីកំណើត។

បន្ទាប់ពីបានទទួលនូវសំណើនេះ សម្តេចតេជោ ហ៊ុន សែន មេដឹកនាំដែលមានមេត្តាធម៌ចំពោះប្រជាពលរដ្ឋខ្មែរគ្រប់ទីកន្លែងនោះ ក៏បានសម្រេចកែសម្រួលលក្ខខណ្ឌបើកផ្លូវឱ្យខ្មែរកាន់លិខិតឆ្លងដែនបរទេស ហើយគ្មានលិខិតឆ្លងដែនព្រះរាជាណាចក្រកម្ពុជា អាចចូលមកក្នុងប្រទេសកម្ពុជា ដោយមិនចាំបាច់តម្កល់ប្រាក់ ៣ពាន់ដុល្លារ និងធានារ៉ាប់រងសុខភាពក្នុងទឹកប្រាក់ ៥ម៉ឺនដុល្លារទៀតនោះឡើយ។

ពួកគេអាចចូលមកប្រទេសកម្ពុជា ដោយមានត្រឹមបណ្ណបញ្ជាក់សុខភាព និងវិធានការមួយចំនួនដែលក្រសួងបានកំណត់ ដូចជាត្រូវពិនិត្យរកជំងឺកូវីដ១៩ និងដាក់ខ្លួនឯងនៅដាច់ដោយឡែក១៤ថ្ងៃជាដើម។

លោក អ៊ុង ប៊ុនសុង ពលរដ្ឋខ្មែររស់នៅក្នុងប្រទេសបារាំង បានសម្តែងក្តីរីករាយជាខ្លាំងពេលទទួលបានក្តីអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន។ លោក ប៊ុនសុង បានលើកឡើងថា ទាំងរូបលោក ក៏ដូចប្រជាជនខ្មែរដទៃទៀត ដែលបានឃ្លាតចាកពីមាតុប្រទេស បាក់បែកអស់គ្រួសារញាតិមិត្ត សុទ្ធតែតម្រូវជ្រើសរើសចូលសញ្ជាតិរបស់ប្រទេសដែលខ្លួនរស់នៅ ដើម្បីសម្រួលបញ្ហាក្រដាសស្នាមជាងតម្កល់ទុកស្ថានភាពជា «ជនភៀសខ្លួួននយោបាយ» ដែលបង្កនូវបញ្ហាស្មុគស្មាញច្រើនក្នុងជីវភាពប្រក្រតីនៅស្រុកគេនោះ។

លោកបន្តថា តែទោះជាយ៉ាងរូបលោក និងមិត្តភក្តិ ព្រមទាំងជនរួមជាតិជាច្រើននៅតែតម្កល់ខ្លួនថា ជាជនជាតិខ្មែរដដែល មិនមានកែប្រែឡើយ ហើយតែងចុះទៅលេងជារឿយៗក្នុងមាតុប្រទេស។

ពលរដ្ឋខ្មែរនៅប្រទេសបារាំងរូបនេះ បានអរគុណសម្តេចតេជោ និងសូមប្រសិទ្ធិពរជ័យ សូមសម្តេចតេជោបានប្រកបដោយសុខភាពមាំមួន បញ្ញាវាងវៃឧត្តុងឧត្តមជានិច្ច ដើម្បីជាម្លប់ដ៏ត្រជាក់ និងបន្តការថែរក្សាការពារកម្ពុជាឱ្យរស់ក្នុងបរិយាកាសសុខសន្តិភាព។

លោក​ គន់​ សុីថាត​ ពលរដ្ធខ្មែររស់នៅប្រទេ​ស​ New Zealand ក៏បានសម្តែងការដឹងគុណ និងអរគុណសម្តេចតេជោ ដែលតែងតែយកចិត្តទុកដាក់ចំពោះពលរដ្ធខ្មែររស់នៅក្រៅប្រទេសកាន់លិខិតឆ្លងដែនបរទេស​ បានចូលមាតុប្រទេសវិញដោយមិនតម្រូវឱ្យបំពេញបែបបទដូចជនបរទេស។

លោក គន់ ស៊ីថា បានគោរពជូនពរសម្តេចតេជោ មានសុខភាពល្អ​ ដេីម្បីដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាពក្រោមម្លប់នៃសុខសន្តិភាព៕