(ស្ទឹងត្រែង)៖ មន្ត្រីជំនាញផ្នែកចំណីអាហារបានអប់រំទៅបងប្អូនអាជីវករ និងប្រជាពលរដ្ឋប្រើប្រាស់ទំនិញគ្រប់យ៉ាងឱ្យបង្កើនការប្រុងប្រយ័ត្រខ្ពស់ ចំពោះចំណីអាហារពេលទិញទៅបរិភោគ ត្រូវចំអិនឱ្យបានឆ្អិនល្អ ជាពិសេសត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំ។

ក្នុងសកម្មភាពចុះអប់រំ និងពិនិត្យចំណីអាហារនៅផ្សារសាមគ្គី ខេត្តស្ទឹងត្រែង ថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២០ លោក គឹម ប្រុស ប្រធានសាខា បកក បានបញ្ជាក់ថា សមត្ថកិច្ចជំនាញតែង ពន្យល់ណែនាំទៅបងប្អូនអាជីវករជារឿយៗរួចមកហើយ ចំពោះចំណីរអាហារណាដែលហួសកាលបរិច្ឆេទប្រើប្រាស់ នៅពេលចុះត្រួតពិនិត្យនេះ ត្រូវតែដកហូតយកទៅបំផ្លាញចោល។

លោកថា ក្រោយពីធ្វើកិច្ចសន្យាហើយនេះលើកក្រោយៗទៀត បើមន្ត្រីជំនាញរកឃើញទំនិញខូចគុណភាពបងប្អូនណាមួយដាក់លក់ នឹងផាកពិន័យទៅតាមច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារ។

លោកពន្យល់ថា បងប្អូនអាជីវករ ឬអ្នកទិញត្រូវព្យាយាម មើលស្លាកសញ្ញាទំនិញ គុណភាព និងឈ្មោះក្រុមហ៊ុនផលិតឱ្យបានត្រឹមត្រួវ ដើម្បីយើងការពារករណីផ្សេងៗ ដែលកើតមានឡើងដោយ យថាហេតុណាមួយដូចជាការពុលជាដើម។

លោក មូ សុគា មន្ត្រីជំនាំញផ្នែកចំណីអាហារ នៃមន្ទីរពាណិជ្ជកម្មខេត្ត បានអះអាងថា តាមរយៈការពិនិត្យនេះសង្កេតឃើញ ទំនិញផ្សេងៗ របស់បងប្អូនអាជីវករលក់ដូរភាគច្រើន មានគុណភាពល្អ នេះជាសញ្ញាមួយបង្ហាញពីការយល់ដឹងច្រើន។

លោកបន្តថា តាមការពិនិត្យ នៅមានភាពមិនប្រក្រតីមួយចំនួន គឺបងប្អូនដាក់តាំងលក់ចំណីអាហារលាយលំគ្នា មិនទាន់រៀបចំបានល្អ ហើយចំណែកប្រជាពលរដ្ឋ ក៏ត្រូវបង្កើនការប្រុងប្រយ័ត្ន ដែរព្រោះកន្លងមកថ្មីៗនេះមានការពុលស្រា (ចិនសែតាំងគួយ) ស្លាប់អស់៧នាក់ នៅខេត្តបន្ទាយមាជ័យ។

លោកស្រី សេង ម៉ារីណា ប្រជាពលរដ្ឋភូមិវាលខ្សាច់ ឃុំស្រុកថាឡាបរិវ៉ាត់ មកទិញទំនិញបាន គាំទ្រសកម្មភាពចុះពិនិត្យចំណីអាហារជារៀងរាល់ខែ តែលោកស្រីស្នើឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ចុះទៅពិនិត្យឲ្យបានញឹកញាប់ និងគ្រប់ទីកន្លែងផង ជាពិសេសទីប្រជុំជននៅតាមបណ្តាស្រុក។

លោកស្រីលើកឡើងថា នៅតាមទីប្រជុំជនស្រុក កើតមានបញ្ហាប្រឈមទៅលើសុខភាពកុមារ ព្រោះអ្នកលក់ ទិញទំនិញទៅយូរ មានហួសកាលបរិច្ឆេទប្រើប្រាស់មួយវិញទៀតមានទំនិញ នាំចូលពីប្រទេសជិតខាងច្រើនដែលទំនិញខ្លះមិនមានបិទស្លាកសញ្ញាអ្វីឡើយ។

សូមបញ្ជាក់ថា ក្នុងឱកាសចុះត្រួតពិនិត្យនេះមន្ត្រីជំនាញដកហូតបានទំនិញគ្រប់ប្រភេទហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន.ជាង២០០គឺឡូក្រាម យកទៅដុតបំផ្លា្ញញចោល បន្ទាប់ពីបានពន្យល់ណែនាំ ជារឿយៗរួចមកហើយ៕