(បាត់ដំបង)៖ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ នៅគេហដ្ឋានលោកស្រី ញ៉ែម សាខន សខេង ភរិយាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបាត់ដំបង បានធ្វើពិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទានបច្ច័យដល់ព្រះសង្ឃ ចំនួន៣៦វត្ត ក្នុងនោះវត្តគណ:ធម្មយុត្តិតកនិកាយ២វត្ត គណ:មហានិកាយ៣៤វត្ត ក្នុងខេត្តបាត់ដំបង ដើម្បីឧទ្ទិសកុសលជូន មាតា បិតា ជីដូន ជីតា ញាតិការទាំងប្រាំពីរ សណ្តាន ដែលបានចែកឋានទៅហើយនោះ។

ទេយ្យទានដែលត្រូវប្រគេនជូនព្រះសង្ឃទាំង៣៦វត្ត ដោយវត្តនីមួយៗទទួលបានទៀនវស្សា១គូរ លៀង១ ស្លាដក់១ អង្ករ១០០គីឡូក្រាម ទឹកក្រូច២កេស ទឹកផ្លែឈើ២កេស ទឹកបរិសុទ្ធ២កេស ស្ករស២៥គីឡូក្រាម ទឹកដោះគោខាប់១កេសធំ ត្រីខ១កេសធំ ទឹកត្រី ទឹកស៊ីវអ៊ីវ៤យួរ អំបិល២យួរ និងបច្ច័យ១លានរៀល។

ដើម្បីគោរពតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះមានរយៈពេល៣ខែ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាធ ហើយបញ្ចប់វិញ នៅថ្ងៃទី១៥រោច ខែកក្តិក។ ក្នុងអំឡុងបុណ្យចូលព្រះវស្សានេះ តាមព្រះវិន័យបានកំណត់ថាព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅខាងក្រៅបានឡើយ ដោយគង់នៅក្នុងទីអារាមរហូត ដូច្នេះទើបប្រជាពលរដ្ឋពុទ្ធបរិស័ទនាំគ្នាយកទៀនព្រះវស្សា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃ ដើម្បីគង់ចាំព្រះវស្សាអស់ត្រីមាសតកូន តចៅរហូតមកដល់បច្ចុប្បន្ន៕