(បន្ទាយមានជ័យ)៖ លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត បានដឹកនាំកិច្ចប្រជុំ ក្រុមការងារពិសេសលុបបំបាត់ ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត។

កិច្ចប្រជុំនេះមានការចូលរួមពីលោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោក លោកស្រីប្រធានស្ថាប័ន មន្ទីរ ពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុងស្រុក នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២០។

ប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណលសំខាន់ចំនួន៣រួមមាន៖

*ទី១៖ ធ្វើបច្ចុប្បន្នភាពពីស្ថានភាពជំងឺគ្រុនចាញ់ សមិទ្ធិផល បញ្ហាប្រឈម និងទិសដៅលើការអនុវត្តទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងខេត្តបន្ទាយមានជ័យ
*ទី២៖ កែសម្រួលក្រុមការងារពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់
*ទី៣៖ ការផ្តល់អនុសាសន៍ និងទិសដៅជំហានបន្ទាប់ ដើម្បីសម្រេចគលដៅលុបបំបាត់ជំងឺគ្រុនចាញ់។

លោកប្រធានមន្ទីរសុខាភិបាល ក៏បានបញ្ជាក់ថា លទ្ធផលសម្រេចបាន៥ខែដើម ឆ្នាំ២០២០ បានចែកមុងដល់ប្រជាពលរដ្ឋគោលដៅធ្លាប់ទទួលបានពីលើកមុនចំនួន២៦៣៥មុងគ្រែ ហើយ បាននិងកំពុងចែកមុងបន្តជូនប្រជាជនចល័តចំនួន៤៩៥២មុងគ្រែ និង២១២២មុងអង្រឹង។

លោកស្រី ប៉ុក ណាឌី បានកោតសរសើរចំពោះក្រុមការងារ ដែលបានខិតខំយ៉ាងសកម្ម ចូលរួមផ្សព្វផ្សាយលុបបំបាត់ជំងឺគ្រុនចាញ់ ដែលធ្វើឲ្យអត្រាកើតជំងឺគ្រុនចាញ់នេះមានការធ្លាក់ចុះ បើធៀបនឹងឆ្នាំ២០១៩កន្លងទៅ។

ទន្ទឹមនឹងនោះ លោកស្រីក៏បានដាក់ផែនការជំរុញបន្ថែមដល់ក្រុមការងារត្រូវបន្តចុះអប់រំ ផ្សព្វផ្សាយពី ជំងឺគ្រុនចាញ់ដើម្បីបងប្អូនប្រជាពលរដ្ឋបានយល់ដឹង និងប្រុងប្រយ័ត្ន ពិសេសបើទៅកន្លែង ឬតំបន់ដែលសង្ស័យថាមានជំងឺគ្រុនចាញ់ ត្រូវដេកនៅក្នុងមុងជ្រលក់ថ្នាំជានិច្ច ចៀសមូសដែលញីខាំ បណ្តាលឲ្យកើតជំងឺគ្រុនចាញ់ ពិសេសបើមានអាការៈសង្ស័យថា មានជំងឺគ្រុនចាញ់ត្រូវប្រញ៉ាប់ទៅមណ្ឌលសុខភាព មន្ទីរពេទ្យដែលនៅជិត ឬអ្នកស្ម័គ្រភូមិដើម្បីធ្វើតេស្តរកជំងឺគ្រុនចាញ់ និងព្យាបាលបានទាន់ពេលវេលា។

គូរបញ្ជាក់ថា យោងតាមរបាយការណ៍របស់មន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា បើប្រៀបធៀបករណីជំងឺគ្រុនចាញ់នៅឆ្នាំ២០១៩ និង២០២០ មានការថយចុះ២៤ករណី។ ពោលឆ្នាំ២០២០នេះ មានតែ៣តែប៉ុណ្ណោះ (ក្រុងប៉ោយប៉ែត២ករណី និងស្រុកព្រះនេត្រព្រះ១ ករណី)។ ដោយឡែកឆ្នាំ២០១៩ មាន២៧ករណី (ក្រុងប៉ោយប៉ែត២៣ករណី, ស្រុកថ្មពួក៣ករណី, និងស្រុកព្រះនេត្រព្រះ១ករណី)៕