(តាកែវ)៖ លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធាន និងឧតុនិយម នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះពិនិត្យមើលស្ថានភាពទឹក សម្រាប់ប្រជាកសិករបង្កបង្កើនផល នៅស្រុកព្រៃកប្បាស និងពិនិត្យវឌ្ឍនភាពការដ្ឋានជីកប្រឡាយហនុមាន នៅស្រុកបាទី ខេត្តតាកែវ ដែលមានប្រវែង ៧,៨០០ម៉ែត្រ។

ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី លឹម គានហោ ក៏បានពិនិត្យសំណង់សិល្បការ ចំនួន២០កន្លែងផងដែរ ក្នុងនោះធំមានចំនួន១០ និងតូច១០កន្លែង (សរុបតាំងពីឆ្នាំ២០១៥មក ប្រឡាយសរុបធ្វើបានប្រវែង៣៨គីឡូម៉ែត្រ, សំណង់សិល្បការតូច និងមធ្យមចំនួន៤០កន្លែង, សំណង់សិល្បការធំ និងស្ពានបេតុង ឆ្លងប្រឡាយ ចំនួន៣៦កន្លែង)។

បន្ថែមពីនេះ លោករដ្ឋមន្ដ្រី បានបន្តចុះពិនិត្យនៅឃុំចារ ស្រុកព្រៃកប្បាស ដែលប្រជាជនបាននិងកំពុង អនុវត្តការជីកប្រឡាយជើងក្អែប ដែលជាផែនការជំរុញបន្តរបស់រាជរដ្ឋាភិបាល ដោយប្រើប្រាស់នូវពលកម្មជាថវិកា (Cash for work) ផងដែរ៕