(ភ្នំពេញ)៖ ​នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្រ្តី និងជា​ប្រធានអាជ្ញាធរជាតិ​ ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ នៅព្រឹកថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០១៦ នេះបានអញ្ជើញចូលរួម នៅក្នុងកិច្ចប្រជុំដើម្បីពិនិត្យ​ ពីការស្ថានភាពរស់នៅ​ប្រចាំថ្ងៃ របស់ជនរងគ្រោះ ដោយសារគ្រឿងញៀន នៅមជ្ឈមណ្ឌលឱកាសខ្ញុំ​ ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង​ ស្ថាប័ន​ ដែលជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀន​។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ បានណែនាំ​នូវបញ្ហាមួយចំនួន​ ដល់ថ្នាក់ដឹកនាំ នៃមជ្ឈមណ្ឌលរួមមាន៖ 
១​ .ពង្រឹងសេវាព្យាបាល​ និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន​ឲ្យបានល្អ​ និងមានទំនុកចិត្តដល់អ្នកមកទទួលសេវា
២​ .ហាមដាច់ខាតមិនឲ្យមានគ្រឿងញៀន​ និងអំពើពុករលួយក្នុងមណ្ឌល
៣​ ពង្រឹងគ្រូពេទ្យព្យាបាល
៤​ .ណែនាំលើការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាហរណកម្ម​ អ្នកញៀនគ្រឿងញៀន​។

ជាមួយគ្នានោះដែរ តាមរយៈបណ្តាញផ្សព្វផ្សាយព័ត៌មាន នាយឧត្តមសេនីយ៍ បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទៅ​ ពិសេសយុវជន​ យុវនារីកុំឲ្យសាកល្បង​ ​និងប៉ះពាល់គ្រឿងញៀន ប្រសិនបើបានធ្លាក់ទៅក្នុងអន្ទាក់នៃគ្រឿង ប្រញាប់រុះរាន់មកទទួលយកសេវាព្យាបាល កុំបណ្តែតបណ្តោយទុកឲ្យមាន គ្រោះថ្នាក់ដល់អាយុជិវិត។

ក្នុងឱកាសនោះ​ លោកបាននាំមកជាមួយ នូវ​អំណោយមួយចំនួនមាន​ ទឹកសុទ្ធ១០០កេស​ ទឹកក្រូវ៤០កេស​ ថវិកាឧបត្ថម្ភ​បុគ្គលិក៤៩នាក់​ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន២០០០០រៀល​ និងមណ្ឌលទទួលបានថវិកាឧបត្ថម្ភ៤.000.000រៀល៕