(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ជូនថា រថយន្តយោធា ដែលត្រូវបានបញ្ជាទិញពីប្រទេស ចិនទាំង២៩០គ្រឿង មិនបានប្រើប្រាស់ថវិកាជាតិសូម្បីតែ១រៀល។

ការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ចែកជូនរថយន្តយោធាទាំងនេះ ដល់បណ្តាស្ថាប័ន អង្គភាពនៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

បើតាមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត, ថវិកាសម្រាប់ទិញរថយន្តយោធាទាំង ២៩០គ្រឿងនេះ គឺជាថវិកាដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបានពីសប្បុរសជននានា បន្ទាប់ពីសម្តេចអំពាវនាវឲ្យមានការជួយដល់កងទ័ព។ លោកបានឲ្យដឹងថា គ្រាន់តែមួយឆ្នាំៗ សម្ព័ន្ធមេត្រីភាពជួយឧបត្ថម្ភតាមការអំពាវនាវរាប់លានដុល្លារ ដើម្បីជួយកាត់បន្ថយបន្ទុក របស់រាជរដ្ឋាភិបាល ក្នុងការជួយលើកតម្កើងដល់វិស័យការការពារជាតិ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អត់បានប្រើប្រាស់ថវិការដ្ឋ ១រៀលទេ! គឺកើតចេញពីការកៀរគរក្រុមហ៊ុន និងសប្បុរសជនទាំងអស់។ ហើយសូមបញ្ជាក់ រឿងសម្តេចតេជោអំពាវនាវឲ្យជួយកងទ័ព មិនមែនគាត់ទើបតែធ្វើទេ គឺគាត់ធ្វើរាប់ឆ្នាំមកហើយ»

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ដែរថា ការទិញរថយន្តយោធាទាំងនេះទៀតសោត គឺដើម្បីដឹកជញ្ជូនកងកម្លាំងយោធា និងកងកម្លាំងសមត្ថកិច្ច ដើម្បីជួយបម្រើប្រជាពលរដ្ឋ ពេលមានបញ្ហាអ្វីមួយកើតឡើង។ លោករំលឹកថា រថយន្តយោធា ក៏ធ្លាប់ត្រូវបានប្រើប្រាស់ដើម្បីដឹកជញ្ជូនពលរដ្ឋតាមព្រំដែនពីប្រទេសនានា និងពេលកម្ពុជាមានជម្លោះជាមួយថៃ។

លើសពីនេះទៅទៀត លោកឧត្តមសេនីយ៍ឯក ថែមទាំងបានច្រានចោលចំពោះការវិភាគបំភ្លៃពីអ្នកវិភាគមួយចំនួន ដែលលើកឡើងថា ការទិញរថយន្តយោធាពីចិន បានប្រើប្រាស់ថវិកាពីការប្រមូលបានពីសប្បុរសជន ក្នុងការបរិច្ចាគវិភាគទាន ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕