(ភ្នំពេញ)៖ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ ជាព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់៨៤ព្រះវស្សា យាងចូល៨៥ព្រះវស្សា។ ក្នុងថ្ងៃប្រារព្ធព្រះពិធីចម្រើនព្រះជន្មវស្សានេះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកពីការងារ ដើម្បីជាការចូលរួមអបអរសាទរ ចំពោះពិធីបុណ្យចម្រើនព្រះជន្ម។

ក្នុងថ្ងៃនេះដែរថ្នាក់ដឹកនាំកំពូលៗរបស់ជាតិរួមមានវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខ្មែរផងដែរ បានលំឱនកាយសម្តែងនូវអំណរសាទរ និងគោរពថ្វាយព្រះពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គ ទ្រង់មានព្រះកាយដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តទូទាំងប្រទេសជានិច្ចនិរន្តន៍តតរៀងទៅ។

ក្នុងសារលិខិតថ្វាយព្រះរបស់ថ្នាក់ដឹកនាំកំពូលស្ថាប័នជាតិ និងតាមក្រសួងស្ថាប័នជាតិ បានសម្តែងនូវកតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំ់ត ចំពោះព្រះរាជគុណូបការៈក្នុងសកម្មភាពដ៏ឧត្តុងឧត្តម ដែលសម្តេចព្រះវររាជមាតាជាតិខ្មែរ តែងបានចំណាយព្រះបញ្ញាញាណ និងព្រះកាយពលប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជានុរាស្ត្រ។ ជាពិសេសព្រះអង្គទ្រង់តែងមានទឹកព្រះទ័យជ្រះថ្លាបរិសុទ្ធ និងសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជទ្រព្យយ៉ាងច្រើនជួយក្នុងវិស័យសុខុមាលភាពរបស់ប្រជានុរាស្ត្រ និងក្នុងព្រះរាជសកម្មភាព សង្គមកិច្ច មនុស្សធម៌ វប្បធម៌ និងងសាសនាផងដែរ។

ខាងក្រោមនេះគឺជាព្រះជីវប្រវត្តិសង្ខេបរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ៖

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ប្រសូតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៣៦។

សម្តេចព្រះមហាក្សត្រីមានព្រះនាមដើម ប៉ូល ម៉ូនិក អ៉ីហ្សហ្ស៉ី (Paule Monique Izzi)។ ព្រះបិតាព្រះនាម ហ្សង់ ហ្វ្រង់ស្វ័រ អ៉ីហ្សហ្ស៉ី ដើមកំណើតអុីតាលី តែបានទទួលមរណភាពនៅសង្គ្រាមលោកលើកទី២។ ព្រះមាតាព្រះនាម ប៉ុម ពាង (Pomme Peang) ជនជាតិខ្មែរ។ ព្រះអយ្យិកា របស់ព្រះមហាក្សត្រី ព្រះនាមអ៊ុក។ ព្រះមហាក្សត្រី មានព្រះអនុជព្រះនាម អាន ម៉ារី អ៉ីហ្សហ្ស៉ី (Ann Mary Izzi)។

កាលពីកុមារភាពទ្រង់បានសិក្សានៅសាលាបឋមសិក្សាព្រះនរោត្តម មធ្យមសិក្សា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងនៅលីសេដេកាត ក្រុងភ្នំពេញ។ សម្តេចម៉ែ អាចមានព្រះបន្ទូលជាភាសាបារាំង និងអង់គ្លេស។ សម្តេចម៉ែ បានរៀបអភិសេកជាមួយព្រះករុណា ព្រះបាទសម្តេចនរោត្តមសីហនុ ព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខែមេសា ឆ្នាំ១៩៥២។

សម្តេចព្រះមហាក្សត្រី ព្រះអង្គមានព្រះរាជបុត្រពីរព្រះអង្គ គឺសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន និងព្រះអង្គម្ចាស់នរោត្តម នរិន្ទ្រពង្ស។ ព្រះអង្គម្ចាស់ នរោត្តម នរិន្ទ្រពង្ស ទ្រង់បានសោយទិវង្គតនៅឆ្នាំ២០០៣ ដោយព្រះរោគាពាធ។

នៅចុងឆ្នាំ១៩៦០ សម្តេចម៉ែ បំពេញព្រះរាជកិច្ចជាព្រះប្រធានកាកបាទក្រហមកម្ពុជា និងបច្ចុប្បន្ននេះទ្រង់គង់ប្រថាប់ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។ សម្តេចម៉ែ ទ្រង់ជាមហេសីសំណព្វព្រះហឫទ័យរបស់ព្រះបាទសម្តេច នរោត្តមសីហនុ ព្រះមហាវីរក្សត្រ ដែលបានទទួលព្រះស្រឹង្គារ ក្តីស្រឡាញ់ មេត្តាប្រោសប្រណីយ៉ាងខ្លាំងក្លាពីព្រះស្វាមី ក្នុងរយៈពេលដ៏យូរលង់ជាងកន្លះសតវត្សរ៍កន្លងទៅនេះ។

សម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គបានយាងតាមព្រះករុណា ព្រះមហាវីរក្សត្រស្ទើរគ្រប់ទិសទីក្នុងគ្រប់កាលៈទេសៈ មិនថាក្នុងសម័យតស៊ូក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សម័យកម្ពុជាប្រជាធិបតេយ្យ សម័យការតស៊ូត្រីភាគីនៅតំបន់ជាយដែនខាងលិច ឬសម័យព្រះរាជាណាចក្រកម្ពុជាទី២នោះឡើយ។

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំព្រះបរមងារថ្វាយព្រះរាជមាតា ដោយថ្វាយព្រះបរមងារថា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល៕