(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា គិតមកត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចបាន ១,៣៧៦,៤៥៨ហិកតា ស្មើនឹង៥៣.១៨% នៃផែនការចំនួន ២,៥៨៨,១៣០ហិកតា។

លោករដ្ឋមន្ដ្រីបន្តថា ការងារបង្កបង្កើនផលស្រូវរដូវវស្សានៅទូទាំងប្រទេសមាន ស្រូវស្រាលចំនួន ៤៩១,០៩០ហិកតា, ស្រូវកណ្តាលចំនួន ៥៩៤ ៩២២ ហិកតា ស្រូវធ្ងន់ចំនួន ២៤៧ ៤១៣ ហិកតា, ស្រូវចម្ការចំនួន១១ ៧១៧ ហិកតា ស្រូវឡើងទឹកចំនួន ៣១ ៣១៦ ហិកតា។

លោករដ្ឋមន្ត្រីបន្ថែមថា សម្រាប់ដំណាំឧស្សាហកម្មវិញការបង្កបង្កើនផល សម្រេចបាន ៥៥៤ ១៥១ ហិកតា ស្មើនឹងផែនការ ៨៧៥ ២០០ ហិកតា ក្នុងនេះមាន៖ ពោតក្រហម ៧៨ ៣៣៦ ហិកតា, ដំឡូងមីចំនួន ៤៣៨ ២១៧ ហិកតា សណ្តែកបាយចំនួន ១៣ ៥២៦ ហិកតា សណ្តែកដីចំនួន ៣ ២៩០ ហិកតា, សណ្តែកសៀងចំនួន ១ ២៣១ ហិកតា និងអំពៅចំនួន ៩ ៩៧៧ ហិកតា ។

សម្រាប់ការនាំចេញផលិតផលកសិកម្មវិញ ក្នុងរយៈពេល ៥ខែ១៧ថ្ងៃ ក្រសួងបានពិនិត្យឃើញថា មានការកើនឡើងល្អប្រសើរ លើលែងតែម្សៅដំឡូងមីតែប៉ុណ្ណោះ។ ចំពោះបរិមាណនៃការនាំចេញសរុប សម្រេចបាន ៣,២៤១,៥២៩តោន ដែលក្នុងនេះមានផលិតផលសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១៖ អង្ករ សម្រេចបាន ៣៨៨ ៨២៧ តោន ទៅកាន់ ៥៥ ប្រទេស។
២៖ ស្រូវ សម្រេចបាន ៩៤៦ ៦៥១ តោន ទៅកាន់ប្រទេសវៀតណាម (ក្រៅផ្លូវការ)។
៣៖ គ្រប់ស្វាយចន្ទី សម្រេចបាន ១៩៣ ២០០ តោន ទៅកាន់ប្រទេស វៀតណាម, ជប៉ុន, រុស្សី, ចិន, ហុងកុង និងថៃ ។
៤៖ ចេកស្រស់ សម្រេចបាន ១២៩ ៦៦២ តោន ទៅកាន់ប្រទេស ចិន វៀតណាម និងជប៉ុន ។
៥៖ ក្រូចថ្លុង សម្រេចបាន ៩ ៩០០ តោន ទៅកាន់ប្រទេសថៃ ។
៦៖ ដំណាប់ស្វាយ សម្រេចបាន ៤ ០៣០ តោន ទៅកាន់ប្រទេស ចិន, ជប៉ុន, ថៃ, កូរ៉េ និងវៀតណាម។
៧៖ ម្សៅដំឡូងមី សម្រេចបាន ១១ ០៩៦ តោន ទៅកាន់ប្រទេស ឥណ្ឌា, ចិន, ប៊ែលហ្សិក និងអ៊ីតាលី។
៨៖ ស្វាយស្រស់ ៤៥ ៨៩៩ តោន ទៅកាន់ប្រទេស ថៃ, វៀតណាម, បារាំង, រុស្សី, កូរ៉េ និងហុងកុង ។
៩៖ ម្រេច ២ ៧៩៦ តោន ទៅកាន់ប្រទេស ជប៉ុន, ប៊ែលហ្សិក, ហូឡង់,បារាំង, អាល្លឺម៉ង់, ស្វីស,វៀតណាម, អាមេរិច, រុស្ស៊ី, អង់គ្លេស, ឥណ្ឌា, បេឡារូស, កូរ៉េ, ឆេក, ណូវែហ្សែឡង់ និងប្រទេសអូស្ត្រាលី៕