(ភ្នំពេញ)៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសការដាក់ចេញវិធានការ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ការលើកឡើងបែបនេះរបស់លោក W. Patrick Murphy ធ្វើឡើងក្នុងឱកាសដែលលោក ត្រូវបានលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក ចូលជួបសម្តែងការគួរសម នៅធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។

លោក ជា ចាន់តូ បានសម្តែងការស្វាគមន៍ ចំពោះលោក W. Patrick Murphy ដែលបានឆ្លៀតឱកាសអញ្ជើញមកធនាគារជាតិនៃកម្ពុជា និងបានជម្រាបជូនអំពី ស្ថានភាពសេដ្ឋកិច្ចកម្ពុជាចំពោះផលប៉ះពាល់ ដោយសារឥទ្ធិពលនៃ ការរីករាលដាលជំងឺកូវីដ១៩ បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចកម្ពុជាថមថយ ជាពិសេសក្នុងវិស័យទេសចរណ៍ និងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។ ទោះយ៉ាងណាវិស័យកសិកម្ម និងវិស័យធនាគារក៏នៅតែបន្តកើនឡើង។

លោកបានជម្រាបជូនទៀតថា ក្នុងវិស័យធនាគារ ធនាគារជាតិនៃកម្ពុជា ក៏បានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីផ្តល់លទ្ធភាព ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសាច់ប្រាក់ ក្នុងដៃគ្រប់គ្រាន់ និងបានលើកទឹកចិត្តឱ្យ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ ដើម្បីជួយសម្រាលការលំបាក របស់អតិថិជនដែលរងឥទ្ធិពលនៃ វិបត្តិសុខភាពពិភពលោកជំងឺកូវីដ១៩។

លោក ជា ចាន់តូ ក៏បានជម្រាបជូនអំពី ការពង្រឹងមូលដ្ឋានគតិយុត្តិកាតព្វកិច្ច របស់បុគ្គលរាយការណ៍ និងចំណេះដឹងរបស់វិស័យសាធារណៈ និងឯកជន លើការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML-CFT) ហើយនាពេលថ្មីៗនេះ ព្រឹទ្ធសភានៃកម្ពុជាបានអនុម័ត លើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលគ្រោងនឹងដាក់ឱ្យអនុវត្តនាពេលឆាប់ៗនេះ។

លោកទេសាភិបាលក៏បានលើកឡើងពី ការវិវត្តនៃសេដ្ឋកិច្ចកម្ពុជា និងការស្តារព្រមទាំងពង្រឹង ប្រព័ន្ធធនាគារក្នុងរយៈពេល៤០ឆ្នាំចុងក្រោយ ក៏ដូចជាការពង្រឹងគោលនយោបាយ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។

លោក W. Patrick Murphy បានវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសការដាក់ចេញវិធានការ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

លោកបានបន្ថែមថា ក្នុងការអបអរសាទរខួប៧០ឆ្នាំនៃទំនាក់ទំនង ការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជាស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានរៀបចំប្រធានបទពាក់ព័ន្ធ នឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ទៅតាមខែនីមួយៗ ក្នុងឆ្នាំ២០២០រួមមាន៖
* ខែមករា៖ កសិកម្ម
* ខែកុម្ភៈ៖ យុវជន ការអប់រំ និងបច្ចេកវិទ្យា។
* ខែមីនា៖ ស្ត្រី និងសមភាពយេនឌ័រ
* ខែមេសា៖ បរិស្ថាន
* ខែឧសភា៖ សុខភាពសាធារណៈ។
* ខែមិថុនា៖ ទំនាក់ទំនងរវាងប្រជាជន។
* ខែកក្កដា៖ ការប្រារព្ធខួប៧០ឆ្នាំនៃទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ។
* ខែសីហា៖ ជំនួយមនុស្សធម៌។
* ខែកញ្ញា៖ ពាណិជ្ជកម្មនិងការវិនិយោគ។
* ខែតុលា៖ ការពង្រឹងច្បាប់។
* ខែវិច្ឆិកា៖ កិច្ចសហប្រតិបត្តិការក្នុងតំបន់/អាស៊ាន។
* ខែធ្នូ៖ ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។

ឆ្លៀតក្នុងឱកាសនោះលោកទេសាភិបាល បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអាមេរិក ដែលបានគាំទ្រ និងផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជា ហើយដោយឡែកនៅធនាគារជាតិ ជំនួយបច្ចេកទេសពី រដ្ឋាភិបាលអាមេរិកបានរួមចំណែក ក្នុងការពង្រឹងការត្រួតពិនិត្យ ការវិភាគសេដ្ឋកិច្ច និងការអភិវឌ្ឍប្រព័ន្ធរាយការណ៍ តាមអេឡិចត្រូនិករបស់អង្គភាព ស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (FIU)៕