(កណ្តាល)៖ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោក លោកស្រីស្នងការរង នាំថវិកា ៥០០០ដុល្លារ ប្រគល់ជូនកាកបាទក្រហមកម្ពុជា ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ជាប្រធាន និងដើម្បីអបអរសាទខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»។

បន្ទាប់ពីកម្មវិធីប្រគល់-ទទួល ថវិកាឧបត្ថម្ភរួចមកលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានកាកបាទក្រហមកម្ពុជា ខេត្ត បានសំណេះសំណាលសាកសួរសុខទុក្ខកោតសរសើរ និងប្រគល់ជូនបណ្ណថ្លែងអំណរគុណដល់លោកស្នងការនគរបាលខេត្តកណ្តាល ផងដែរ៕