(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងក្នុងការជួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះថា ទោះបីជំងឺឆ្លងកូវីដ១៩ បានថយចុះក៏ដោយ តែក្រសួងសុខាភិបាលនៅតែបន្តផ្សព្វផ្សាយជារៀងរាល់ថ្ងៃគ្រប់ខេត្តក្រុង ដើម្បីរំលឹកបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន មិនត្រូវមានការធ្វេសប្រហែសឡើយ ពីព្រោះជំងឺនេះ ជាជំងឺឆ្លងដែលធ្វើឲ្យមានការរីករាលដាលនៅលើពិភពលោក និងបង្កើនអាហានិភ័យខ្ពស់ ក្នុងការការពារ នៃការរីករាលដាលការឆ្លងជំងឺកូវីដ១៩។

លោកស្រីអភិបាលខេត្ត បានថ្លែងបន្តថា ដើម្បីការពារជំងឺឆ្លងកូវីដ១៩ សូមបងប្អូនអនុវត្តក្នុងផ្សព្វផ្សាយការណែនាំរបស់រាជរដ្ឋាភិបាល និងការណែនាំផ្សព្វផ្សាយអប់រំរបស់ក្រសួងសុខាភិបាល តែងតែរំលឹករាល់ថ្ងៃនៅគ្រប់ខេត្តក្រុង និងមូលដ្ឋាន ហើយអ្វីដែលសំខាន់សូមបងប្អូនចេះថែរក្សាអនាម័យបរិស្ថានដោយខ្លួនឯង។

លោកស្រីថា បើមានលក្ខណៈសង្ស័យណាមួយខុសពីប្រក្រតីក្នុងសុខភាពសូមបងប្អូន ប្រញាប់អញ្ជើញទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដើម្បីពិនិត្យសុខភាព និងពិគ្រោះយោបល់ជាមួយលោកគ្រូពេទ្យ និងទទួលការពិគ្រោះយោបល់ពីក្រុមលោកគ្រូពេទ្យមកវិញ។

លោកស្រីបានបញ្ជាក់ថា ថ្ងៃនេះលោកស្រី និងក្រុមការងារមានសេចក្តីសោមនស្សរីករាយ ដែលបានជួបសំណេះសំណាល និងសួរសុខទុក្ខពីបញ្ហាសុខភាព និងការរស់នៅក្នុងក្រុមគ្រួសារ ហើយបាពាំនាំមកនូវសម្ភារមួយចំនួន ដើម្បីការពារជំងឺកូវីដ១៩ និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ៕