(ក្រចេះ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានគណៈកម្មការជាតិ និងក្រុមការងារទាំងអស់ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ បាន ចាប់ផ្តើមចេញប្រតិបត្តិការ ចេញទៅទប់ស្កាត់​ និងបង្ក្រាបបទល្មើសព្រៃឈើ ពិនិត្យទីតាំង គំនរឈើល្មើសច្បាប់ នៅទឹកដីស្រុកសំបូរ ខេត្តក្រចេះ។

លោកឧត្តមសេនីយ៍ អេង ហីុ អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់អង្គភាព Fresh News ថា នៅវេលាម៉ោងប្រមាណ៨:២២នាទីព្រឹកនេះ នាយឧត្តមសេនីយ៍ សៅ សុខា កំពុងដឹកនាំក្រុមការងារចុះទៅកាន់គោលដៅ គឺស្ថិតនៅឃុំរលួស ស្រុកសំបូរ។

សូមបញ្ជាក់ថា កងកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ និងមន្រ្តីរដ្ឋបាលព្រៃឈើជាច្រើននាក់ បានឡោមព័ទ្ធទីតាំងស្តុកឈើមួយកន្លែង​ ស្ថិតនៅតំបន់អូរគគីរ ឃុំរលួសស្រែចេស ស្រុកសំបូរ ខេត្តក្រចេះ ដែលមានចម្ងាយជាង១០០គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ តាំងពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦មកម្ល៉េះ។

កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ជាច្រើននាក់បានយាមនៅទីនោះ ដើម្បីការពារមិនឲ្យមានការចល័តឈើចេញ ពីរង្វង់របស់សមត្ថកិច្ចឡោមព័ទ្ធ ដោយមានការបោះបង់ជាជំរកការពារ។

កាលពីម្សិលមិញ នាយឧត្តមសេនីយ៍ សៅ​ សុខា និងក្រុមការងារបានធ្វើដំណើរទៅដល់ ខេត្តត្បូងឃ្មុំ តាមឧទ្ធម្ភាគចក្រដែលសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនសម្រាប់ ចេញប្រតិបត្តិការទ្រង់ទ្រាយធំមួយនេះ។

សមត្ថកិច្ចកងរាជអាវុធហត្ថ បានបំពេញកាតព្វកិច្ចតាមភារកិច្ចតួនាទី ប្រកបដោយភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់ ក្នុងនោះកម្លាំងជំនាញកំពុងតែបន្តនីតិវិធី ក្នុងការស៊ើបអង្កេតស្រាវជ្រាវ រកទីតាំងលាក់ឈើខុសច្បាប់ កាប់បំផ្លាញព្រៃឈើ ការដឹកជញ្ជូនដើម្បីបោសសម្អាត តាមការណែនាំរបស់រាជរដ្ឋាភិបាល៕