(ភ្នំពេញ)៖ សហព័ន្ធកសិកម្មជាតិកូរ៉េ NH (NongHyup) នឹងពិចារណាក្នុងការចាប់ផ្ដើមគម្រោងសាកល្បង ដើម្បីអភិវឌ្ឍវិស័យកសិកម្មក្នុងសហគមន៍មួយនៅប្រទេសកម្ពុជា ក្នុងខេត្តណាមួយជា គម្រោងសាកល្បង «pilot project»។

សហព័ន្ធកសិកម្មជាតិកូរ៉េ NH (NongHyup) បានចាប់ផ្ដើមកសាងកាលពីឆ្នាំ១៩៦១ ជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងពិភពលោកផ្នែកការអភិវឌ្ឍវិស័យកសិកម្ម ដែលមានតួនាទីផ្ដល់នូវគោលនយោបាយដាំដុះ ផ្គត់ផ្គង់ហិរញ្ញវត្ថុ និងទីផ្សារកសិផល។

ក្នុងជំនួបរវាងលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំកូរ៉េខាងត្បូង និងលោក Lee Seong-hee អគ្គនាយកថ្មីរបស់ NH លោកបានស្នើសុំឱ្យគាត់ពិនិត្យផ្តល់នូវការបណ្ដុះបណ្ដាល ទាំងរយៈពេលខ្លីនិងវែង នូវជំនាញ ក៏ដូចជាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងអភិវឌ្ឍនៃប្រព័ន្ធសហករណ៍ជាតិ ជាមួយកម្ពុជា។

សហព័ន្ធកសិកម្មជាតិកូរ៉េ ក៏បានឯកភាពគ្នាជាមួយនឹងលោករួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរឱ្យទទួលបានផ្លែផ្កា ដោយយកវិស័យកសិកម្មជាស្ពាន៕