(ភ្នំពេញ)៖ លោកស្រី យក់ សម្បតិ្ត រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះថា ប្រជាពលរដ្ឋខ្មែរ ដែលទើបត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញនៅថ្ងៃយប់នេះ ចំនួន២០៤នាក់ ត្រូវបាននាំយកទៅមណ្ឌលចាត្តាឡីស័កជម្ពូនវ័ន្ត ហើយក្នុងករណីរកពុំឃើញមានវិជ្ជមានផ្ទុកជំងឺកូវីដ១៩ទេ ក្រោយធ្វើតេស្តរួច ក្រសួងនឹងបញ្ជូនពួកគាត់ទៅតាមខេត្តរៀងៗខ្លួន ដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមវិធានសុខាភិបាល។

បើតាមលោកស្រី យក់ សម្បត្តិ រាល់អ្នកដំណើរមកដល់ទាំងអស់ អ្នកត្រូវឆ្លងកាត់ម៉ាស៊ីនស្កេនតាមដាន សីតុណ្ហភាពក្នុងខ្លួន ដើម្បីស្វែងរកវីរុសកូវីដ១៩។

លោកស្រីរដ្ឋលេខាធិការ បានបន្តថា «ប្រសិនបើអ្នកកំពុងត្រលប់មកពីតំបន់ណាមួយដែលមានមេរោគកូរ៉ូណា ឬក្នុងករណីអ្នកណាក្តៅខ្លួន ក្អក ពិបាកដកដង្ហើមក្នុងរយៈពេល១៤ថ្ងៃ បន្ទាប់ពីការធ្វើដំណើរត្រលប់មកវិញ ត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់គ្រូពេទ្យ ឬ ទូរស័ព្ទទៅលេខ១១៥»។

ការធ្វើមាតុភូមិនិវត្តន៍របស់ប្រជាពលរដ្ឋខ្មែរទាំងនេះ បានធ្វើឡើងបន្ទាប់ពីលោក ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៉ី បានជួបពិភាក្សាតាមរយៈ Teleconference ជាមួយលោក Eldeen Husaini ឯកអគ្គរដ្ឋទូតម៉ាឡេស៉ីប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៉ី កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដើម្បីរៀបចំជើងហោះហើរជូនពួកគាត់។

ជើងយន្តហោះពាណិជ្ជកម្មនេះ មានអ្នកដំណើរចំនួន ២១១នាក់ ក្នុងនោះប្រជាពលរដ្ឋខ្មែរមានចំនួន២០៤ និងជនបរទេសចំនួន៧នាក់។ ដោយឡែក នៅថ្ងៃដដែលនេះ ជើងយន្តហោះនេះក៏នឹងដឹកយកប្រជាពលរដ្ឋម៉ាឡេស៉ីចំនួនជាង១៦០នាក់ ត្រឡប់មកកាន់ប្រទេសម៉ាឡេស៉ីវិញផងដែរ។ នេះបើតាមការអះអាងរបស់ក្រសួងការបរទេសកម្ពុជា និងស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា៕