(កំពត)៖ ផ្លែឈើគូលែនជាច្រើន ដែលផ្ទុកសារធាតុពុល នាំចេញពីប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន នៅច្រកទ្វារព្រែកចាក ស្ថិតក្នុងភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

ការបង្រ្កាបនេះ បានធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលកម្លាំងគយនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក សហការជាមួយមន្ត្រីជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ចុះត្រួតពិនិត្យទំនិញផ្លែឈើ និងម្ហូបអាហារមួយចំនួន ក្នុងទីតំាងច្រកទ្វារអន្តរជាតិព្រែកចាក នៅទីតាំងខាងលើ។

លោក យី ថុល ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារអន្តរជាតិព្រែកចាក បានប្រាប់ឲ្យដឹងថា សកម្មភាពនេះ បានធ្វើឡើងដោយមានការណែនាំ និងទទួលបទបញ្ជាពីលោក ហេង សំបូរ ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពត ឲ្យយកចិត្តទុកដាក់ និងត្រួតពិនិត្យជាប្រចាំនូវទំនិញផ្លែឈើ និងអាហារបរិភោគផ្សេងៗ ដែលដឹកឆ្លងកាត់ច្រកទ្វារមួយនេះ ឲ្យបានហ្មត់ចត់ និងម៉ឺងម៉ាត់បំផុត ដើម្បីរក្សាបាននូវសុខមាលភាព របស់ប្រជាពលរដ្ឋ។

លោកបន្តថា កម្លាំងគយបានសហការជាមួយកម្លាំងមន្ត្រីជំនាញ ដែលដឹកនាំផ្ទាល់ដោយលោក ទី រ៉ានី ប្រធានសាខា ក.ប.ប ខេត្តកំពត-កែប និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត បានត្រួតពិនិត្យទៅលើផ្លែឈើ និងគ្រឿងបរិភោគមួយចំនួន ដោយយករបស់ទាំងអស់នោះ ទៅចូលបន្ទប់ពិសោធន៍ឃើញថា មានផ្លែឈើមួយមុខ គឺផ្លែគូលែន ក្នុងចំណោមផ្លែឈើជាច្រើនមុខផ្សេងទៀត ដែលមិនទាន់ធ្វើការពិសោធន៍នោះ មានផ្ទុកសារធាតុគីមី។ ខណៈនោះកម្លាំងមានសមត្ថកិច្ច ក៏បានធ្វើការដុតបំផ្លាញចោល ផ្លែគូលែនទាំងនោះនៅនឹងកន្លែងតែម្ដង។

លោក យី ថុល បាននិយាយថា «មិនថាថ្ងៃនេះ ឬថ្ងៃស្អែក ឬថ្ងៃខាងមុខទៀតទេ កម្លាំងតែងតែធ្វើការត្រួតពិនិត្យជាប្រចាំ ដើម្បីធានានូវសុខភាពរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា»

លោក ទី រ៉ានី បានឲ្យដឹងដែរថា លោកនឹងបន្តសហការជាមួយកម្លាំងសមត្ថកិច្ចគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិព្រែកចាក និងគយកន្លែងដទៃទៀត និងសហការជាមួយកម្លាំងមានសមត្ថកិច្ចផ្សេងៗ ដើម្បីយកទំនិញទៅត្រួតពិនិត្យ នៅបន្ទប់ពិសោធន៍នៃច្រកទ្វារទ្វេភាគីកម្ពុជា-វៀតណាម ស្ថិតនៅឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីរកសារធាតុគីមី។

លោកបន្តថា ថ្ងៃនេះ មានផ្លែឈើ និងបន្លែជាច្រើនមុខ ត្រូវបានយកមកពីច្រកទ្វារអន្តរជាតិព្រែកចាក និងច្រកទ្វារទ្វេភាគីតន់ហន់ មកធ្វើការពិសោធន៍ជាបន្តបន្ទាប់ ដោយមានផ្លែឈើតែមួយគត់ គឺផ្លែគូលែនដែលមានផ្ទុកសារធាតុគីមី។ ដោយឡែក ផ្លែមៀន មិនមានផ្ទុកសារធាតុគីមីនោះទេ និងនៅមានផ្លែឈើជាច្រើនមុខទៀត ដែលបាននិងកំពុងធ្វើការពិសោធន៍រកសារធាតុគីមីផងដែរ។

ចំពោះ លោក ង៉ែត សាវឿន នាយករងរដ្ឋបាលសាលាខេត្តកំពត និងជាប្រធានច្រកទ្វារអន្តរជាតិព្រែកចាក បានអំពាវនាវដល់បណ្តាអាជីវករ ដែលដឹកទំនិញផ្លែឈើ និងគ្រឿងបរិភោគ ឆ្លងកាត់ច្រកទ្វារអន្តរជាតិព្រែកចាកនេះទាំងអស់ ខិតខំយកចិត្តទុកដាក់អនុវត្តឲ្យបានការណែនាំរបស់មន្ត្រីជំនាញ និងកុំប្រព្រឹត្តបទល្មើសដឹកទំនិញផ្លែឈើ គ្រឿងបរិភោគ ដែលមានផ្ទុកសារធាតុគីមីនោះឲ្យសោះ ដែលប្រឈមទៅនឹងផ្លូវច្បាប់ ឬក៏មានការខាតបង់ក្រោយពីសមត្ថកិច្ចរកឃើញថា មានសារធាតុគីមី ហើយសមត្ថកិច្ចនឹងយកទៅដុតបំផ្លាញចោល។ ម្យ៉ាងទៀត មុនដឹកទំនិញចូលមកស្រុក ត្រូវត្រួតពិនិត្យទំនិញ ផ្លែឈើ គ្រឿងបរិភោគទាំងអស់នោះ ឲ្យបានហ្មត់ចត់ជាមុនសិន៕