(ភ្នំពេញ)៖ លោកយាយ គឹម សុគន្ធ អាយុ ៧៦ឆ្នាំ ដែលបានចូលបម្រើការងារនៅក្រសួងការបរទេស និងកិច្ចសហប្រត្តិបត្តិការអន្តរជាតិនៅឆ្នាំ១៩៧៩ ក្រោមការដឹកនាំផ្ទាល់របស់សម្តេចតេជោ ហើយបន្ទាប់មកគាត់ត្រូវបានចាត់តាំងឲ្យទៅបម្រើការងារជាលេខាធិការទី៣ នៃស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសឆេកូស្លូវ៉ាគីនៅដើមឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩២។ ដោយសារលោកយាយពុំមានគ្រួសារ និងកូនចៅនៅប្រទេសកម្ពុជា គាត់ក៏បានសម្រេចចិត្តរកការងារ ធ្វើបន្តនៅប្រទេសឆេកូស្លូវ៉ាគី ដើម្បីសន្សំប្រាក់កាសខ្លះមុននឹងត្រឡប់មករស់នៅក្នុងប្រទេសកំណើតវិញ។

ក្នុងពេលរស់នៅធ្វើការនៅទីនោះលោកយាយ កឹម សុគន្ធ បានសន្សំប្រាក់បានមួយចំនួនហើយបានផ្ញើមកអោយប្អូនស្រី និងក្មួយបង្កើតទិញដីអោយដោយយល់ថា ពេលត្រឡប់មកវិញនឹងអាចមានដីសង់ផ្ទះរស់នៅ។ អ្វីដែលនឹកស្មានមិនដល់ ពេលលោកយាយត្រឡប់មកដល់ប្រទេសកម្ពុជាវិញនៅឆ្នាំ២០១០ គាត់ត្រូវបានបដិសេធមិនព្រម ប្រគល់ដីដែលបានទិញដោយប្រាក់ដែលជាកម្លាំងញើសឈាមរបស់គាត់ឡើយ ហើយក៏កើតជាជម្លោះក្តីក្តាំគ្នារវាងបងប្អូន និងក្មួយបង្កើតដែលពុំអាចដោះស្រាយបាន ធ្វើឲ្យគាត់ក្លាយជាមនុស្សតែលតោលគ្មានទីជម្រក គ្មានផ្ទះសម្បែង គ្មានការងារធ្វើ និងគ្មានថវិកា សម្រាប់ហូបចុក។ លោកយាយបានខិតខំដោះស្រាយ តាមប្រព័ន្ធតុលាការអស់រយៈពេល១០ឆ្នាំមកនេះ ប៉ុន្តែមិនបានទទួលលទ្ធផលអ្វីឡើយក្រៅពីការវេទនាផ្លូវចិត្ត។

ដោយអត់ទ្រាំនឹងការអត់ឃ្លានតទៅទៀតមិនបាន លោកយាយ គឹម សុគន្ធ បានសម្រេចចិត្តដាក់ពាក្យសុំអន្តរាគមន៍ទៅ សម្តេចតេជោ នាយករដ្ឋមន្រ្តីដើម្បីសុំជួយរកយុត្តិធម៌ ក្នុងវិវាទដីធ្លីជាមួយប្អូនបង្កើតឈ្មោះ កឹម បូផល និងក្មួយបង្កើតឈ្មោះ យ៉ាវ សុភាវុធ ក្រែងទទួលបានចំណែកដីខ្លះមកវិញទុកគ្រាន់បន្តជីវិតទៅមុខទៀត។ បន្ទាប់ពីទទួលបាន ពាក្យសុំអន្តរាគមន៍ លោក ដួង តារា អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី បានអនុវត្តគោលការណ៍ឈ្នះឈ្នះ ដោយធ្វើការសម្របសម្រួលផ្សះផ្សារភាគីទាំងពីរហូតទទួលបានជោគជ័យជាផ្លែផ្ការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ គឺបានបញ្ចប់ក្តីវិវាទទាំងស្រុង។

បន្ទាប់ពីបានពិនិត្យរបាយការណ៍ និងសំណូមពររបស់លោកយាយ កឹម សុគន្ធ ដើម្បីបានទទួលប្រាក់ឧបត្ថម្ភសម្រាប់ជីវិតចុងក្រោយ សម្តេចតេជោនាយករដ្ឋមន្រ្តី មានការអាណិតអាសូរលោកយាយយ៉ាងខ្លាំងហើយបានចាត់ឲ្យ លោក ដួង តារា ជំនួយការសម្តេចផ្ទាល់ ធ្វើការជាបន្ទាន់ជាមួយលោក វង់ សូត្រ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ដើម្បីបញ្ចូលឈ្មោះលោកយាយ គឹម សុគន្ធ ជាមន្រ្តីនិវត្តន៍អោយមានប្រាក់បៀវត្សរ៍ឡើងវិញ។ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះលោកយាយ កឹម សុគន្ធ បានទៅបំពេញបែបបទរដ្ឋបាលនៅក្រសួងសង្គមកិច្ច ក្រោមការយកចិត្តទុកដាក់ពី លោករដ្ឋមន្រ្តីជាមួយទឹកមុខរីករាយ នឹងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការយកចិត្តទុកដាក់ប្រកបដោយព្រហ្មវិហាធរដ៏ជ្រាលជ្រៅបំផុត របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

កាយវិការប្រកបដោយទឹកចិត្តសប្បុរសសណ្តោសប្រណីរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី គឺបានផ្តល់ជីវិតថ្មីដល់លោកយាយ គឹម សុគន្ធ ដែលជាមន្រ្តីចាស់ជរាគ្មានទីពឹង ហើយបានស្តែងឲ្យឃើញពីការយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ លោក យាយ គឹម សុគន្ធ មានសេចក្តីរំភើបរីករាយយ៉ាងក្រៃលែង និងបានគោរពថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្រី្ត យ៉ាងជ្រាលជ្រៅបំផុត ដែលសម្តេចបានផ្តល់យុត្តិធម៌ និងប្រោសប្រណីដល់រូបគាត់ឲ្យរួចផុតពីភាពអត់ឃ្លាន និងភាពឯកោដើម្បីបន្តជីវិតរស់នៅចុងក្រោយជាមួយនឹងក្តីសង្ឃឹម និងភាពកក់ក្តៅក្នុងជីវិត៕