(ភ្នំពេញ)៖ លោក កៅ ថាច អគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោក ញ៉ែម សារ៉េត នាយកនៃអង្គការហេហ្វឺអន្តរជាតិកម្ពុជា ចូលជួបប្រជុំពិភាក្សាការងារ និងសំដែងការគួរសម នាទីស្ដីការធនាគារអភិវឌ្ឍន៍ជនបទ។

ឆ្លៀតក្នងឱកាសនោះផងដែរ ភាគីទាំងពីរ បានពិភាក្សាគ្នាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគម្រោងអនុវត្តនានា ជាពិសេសគម្រោងចិញ្ចឹមមាន់សាច់ មាន់ពង ព្រមទាំងបង្កើនសក្កានុពលបន្ថែម សម្រាប់ពង្រីកទីផ្សារ ខែ្សច្រវ៉ាក់ផលិតផលកសិកម្ម ជាពិសេសដើម្បីជំរុញ និងគាំទ្រកសិករខ្នាតតូច និងសហគមន៍កសិកម្ម ឲ្យឈានទៅរកការបង្កើតសហគ្រាសកសិកម្មខ្នាតតូច ដើម្បីបង្កើនប្រាក់ចំណូល និងការបង្កើតការងារក្នុងសហគមន៍។

លោក កៅ ថាច បានថ្លែងថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រីករាយ និងត្រៀមខ្លួនរួចជាស្រេច នូវកញ្ចប់ថវិកាហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ឥណទានដល់ សហគមន៍កសិកម្ម, MSMEs, SMEs។

ទន្ទឹមនេះ លោក កៅ ថាច ចង់បាន និងចង់ឃើញ កសិករពង្រឹង និងពង្រីកនូវការចិញ្ចឹមសត្វ (មាន់ ទា ជ្រូក...) ដើម្បីអាចផ្តត់ផ្គង់បានតាមតម្រូវការ ប្រើប្រាស់ប្រចាំថ្ងៃ និងទីផ្សារបានគ្រប់គ្រាន់ ដោយមិនពឹងផ្អែក ការនាំចូលសត្វពីខាងក្រៅប្រទេស៕