(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត បានស្នើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាជំរុញលុបបំបាត់ភាពអសកម្មទាំងឡាយ ដែលតែងតែកើតមានឡើងកន្លងមក ដើម្បីក្នុងគោលដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រយោជន៍សង្គម។

ការស្នើបែបនេះរបស់លោកអភិបាលខេត្ត ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ប្រចាំខែមិថុនា នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពត ដោយមានការចូលរួម ពីថ្នាក់ដឹកនាំអ្នកពាក់ព័ន្ធ ប្រមាណ ១០០រូប។

លោក ជាវ តាយ បានលើកឡើងទៀតថា ដើម្បីលុបបំបាត់រាល់បាតុភាពអសកម្ម ផ្សេងៗនៅក្នុងមូលដ្ឋាន និងក្នុងខេត្តកំពតទាំងមូល ដែលក្នុងនោះពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបញ្ហាកិច្ចអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន ឲ្យបានកាន់តែមានភាពរីកចម្រើន និងមានប្រសិទ្ធភាពបន្តថែមទៀត គ្រប់អ្នកពាក់ព័ន្ធទាំងមន្ទីរ អង្គភាពជំនាញ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនបន្តការយកចិត្តទុកដាក់អនុវត្តផែនការសកម្មភាព របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឲ្យបានកាន់តែសកម្មថែមទៀត និងមានភាពច្បាស់លាស់ ក្នុងការចាត់ចែងអនុវត្ត ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោកអភិបាលខេត្ត ក៏បានណែនាំ ដល់អ្នកពាក់ព័ន្ធក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ឲ្យបង្កើនការយកចិត្តទុកដាក់ បន្តទៀតទាំងការប្រើប្រាស់វិធានការសរុប កម្លាំងសរុប ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនានាឈរលើមូលដ្ឋានច្បាប់ជាចម្បង ព្រមទាំងបន្តអនុវត្តការអប់រំ ផ្សព្វផ្សាយ ក៏ជាកត្តាចម្បងមុននឹងឈានដល់ការបង្ក្រាប និងត្រូវបើកទូលាយក្នុងការផ្ដល់ព័ត៌មាន ការទទួលយកព័ត៌មាន សំណូមពរពីប្រជាពលរដ្ឋ តាមរយៈផ្សព្វផ្សាយលេខទូរស័ព្ទរបស់ថ្នាក់ដឹកនាំនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបង្កើនការរៀបចំវេទិកាសាធារណៈ ស្ដីពីការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយបន្តដោះស្រាយឲ្យបានទាន់ពេលវេលា នូវបញ្ហាដែលប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានរាយការណ៍ និងសំណូមពរ ប្រកបដោយប្រសិទ្ធភាព៕