(ភ្នំពេញ)៖ ស្រ្តីម្នាក់បានបាត់ខ្លួន៣ថ្ងៃកន្លងមកហើយ អត់មាននរណាម្នាក់បានដឹងថា គាត់ទៅណាមកណាទេ ស្រាប់តែរហូតមកដល់វេលាម៉ោងជិត១១ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មានធំក្លិនស្អុយចម្លែកចេញពីក្នុងបន្ទប់ ជួលលេខ១ នៃផ្ទះជួលដែលគាត់ និងប្ដីចុងជួលស្នាក់នៅភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះជួលបានកាត់សោ ដែលប្ដីចាក់ពីខាងក្រៅចូលទៅមើលទើបឃើញគាត់ស្លាប់មានសភាពហើមស្អុយបាត់ទៅហើយ និងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ការស្លាប់របស់ស្ត្រីរងគ្រោះខាងលើ ត្រូវបានគេសង្ស័យថា ត្រូវប្ដីចុងវាយសម្លាប់នៅក្នុងរឿងទំនាស់គ្នា ព្រោះកន្លងមកគ្រួសារមួយនេះ មិនសូវចុះសម្រុងគ្នាទេ តែងតែមានការឈ្លោះប្រកែកគ្នា ហើយប្ដីបានប្រើអំពើហិង្សាវាយតប់ប្រពន្ធជាញឹកញាប់ មិនតែប៉ុណ្ណោះគ្រាន់តែមានការភ្ញាក់ផ្អើលប្រទះឃើញសពប្រពន្ធភ្លាម ប្ដីចុងនេះបានរត់គេចខ្លួនបាត់ភ្លាមៗផងដែរ។

ជនរងគ្រោះខាងលើឈ្មោះ ហេង សុខឃឿន អាយុ៤៥ឆ្នាំ មុខកម្មការិនីរោងចក្រ ជាអតីតជាស្រីមេម៉ាយកូន២នាក់ ដោយកូនស្រីច្បងអាយុ១៨ឆ្នាំ មានប្ដីទៅហើយ និងកូនប្រុសម្នាក់ទៀត ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិជ្រួល ឃុំបាល័ង្គ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ គាត់បានយកប្ដីក្រោយឈ្មោះ ពេជ្រ ចន្ថា អាយុ៤៣ឆ្នាំ មុខរបរកម្មករសំណង់ ខេត្តស្វាយរៀង។

កញ្ញា ម៉ន សុភា អាយុ១៨ឆ្នាំ កូនស្រីជនរងគ្រោះ ជាកម្មការិនីរោងចក្រកាត់ដេរស្នាក់នៅក្នុងភូមិកើតហេតុនោះដែរ បានប្រាប់ឲ្យដឹងថា ម្តាយរបស់គាត់បានរស់នៅជាមួយប្តីចុង រយៈពេល៣ឆ្នាំមកហើយ។ ក្នុងពេលកន្លងមក តែងមានការឈ្លោះប្រកែកគ្នា និងត្រូវបានបុរសជាប្តីបានវាយធ្វើបាប រហូតមិនដែលមានសេចក្ដីសុខម្ដងណាឡើយ។ មិនតែប៉ុណ្ណោះអ្នកទាំង២ បានផ្លាស់ប្ដូរបន្ទប់ជួលពីមួយទៅមួយជាញឹកញាប់ មិនដែលស្នាក់នៅកន្លែងណាមួយជាប់កន្លែងនោះទេ ហើយក៏ទើបតែផ្លាស់មកជួលបន្ទប់កើតហេតុបានរយៈពេល៣ថ្ងៃប៉ុណ្ណោះ ក៏ជួបរឿងបែបនេះកើតឡើងតែម្ដង។

កូនស្រីរូបនេះ បានបន្តទៀតថា ក្រោយពេលម្ដាយ និងឪពុកចុងផ្លាស់មកស្នាក់នៅបន្ទប់ជួលកើតហេតុ នាងអត់ដែលបានជួបមុខម្ដាយទេ ប៉ុន្តែធ្លាប់ជួបឪពុកចុង ហើយនាងបានសួររកម្ដងនាង ឪពុកចុងនេះបានប្រាប់នាងថា ម្ដាយនាងទៅស្នាក់នៅជាមួយមិត្តភក្ដិធ្វើការងារនៅឯសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បាត់ហើយ។ ខណៈនោះនាងស្មានថា សម្ដីឪពុកចុងជាការពិត ទើបមិនចាប់អារម្មណ៍ថា ម្ដាយស្លាប់នៅក្នុងផ្ទះនោះ លុះដល់ថ្ងៃទី១៦ ខែមិថុនា ក៏ស្រាវ់តែប្រទះឃើញសាកសពម្ដាយគួរឲ្យរន្ធត់បំផុតបែបនេះ រីឯឪពុកចុងក៏រត់បាត់ស្រមោលតែម្ដង។

ស្ត្រីម្ចាស់ផ្ទះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានគាត់ដើរកាត់មុខបន្ទប់លេខ១ ក៏មានក្លិនស្អុយចម្លែក ហើយដោយមានការសង្ស័យគាត់ក៏កាត់សោទ្វារចូលមើល ភ្លាមនោះក៏ប្រទះឃើញស្ត្រីខាងលើដេកស្លាប់ដោយស្ថានភាពហើយស្អុយបាត់ទៅហើយ ទើបរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះទៅពិនិត្យមើល។

ចំណែកអ្នកភូមិបាននិយាយថា កាលពីពីវេលាល្ងាចថ្ងៃសៅរ៍ទី១៣ ខែមិថុនា ឆ្នាំ២០២០ បុរសជាប្ដីចុងបានជិះម៉ូតូ១គ្រឿង ឌុបស្រ្តីរងគ្រោះទៅចូលរួមកម្មវិធីខួបកំណើតគេ ហើយរហូតដល់ យប់ជ្រៅទើបត្រឡប់មកវិញ។ ក្រោយមកក៏ស្រាប់តែបាត់ស្រ្តីជាប្រពន្ធចេញពីក្នុងផ្ទះ រហូតដល់ពេលប្រទះឃើញសាកសព ចំណែកប្ដីក៏បានគេចខ្លួនបាត់ ហើយពេលនេះសមត្ថកិច្ច កំពុងធ្វើការពិនិត្យកោសល្យវិច័យ និងស្រាវជ្រាយតាមចាប់ជនដៃដល់យកមកដាក់ទោសតាមច្បាប់ហើយ។

បើតាមសមត្ថកិច្ច ប្តីចុងរូបនេះ ក៏ត្រូវធ្លាប់សមត្ថកិច្ចចាប់វាយខ្នោះផងដែរ ដោយប្រើហិង្សាលើស្រ្តីរងគ្រោះ៕

ប្តីចុងដែលសមត្ថកិច្ចធ្លាប់ចាប់ខ្លួន ដោយសារប្រើហិង្សាលើស្រ្តីរងគ្រោះ

ស្រ្តីរងគ្រោះ ដែលប្តីចុងបានប្រើហិង្សារបួសលើរាងកាយ