(កណ្ដាល)៖ ក្នុងរយៈពេល២ថ្ងៃ ថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២០ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល សហការជាមួយកម្លាំង ផ្នែកប្រឆាំងគ្រឿងញៀនស្រុកពញាឮ និងស្រុកអង្គស្នួល សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបករណី​ជួញដូរ​រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន១០នាក់ រកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន (Ice) ចំនួន៣៨កញ្ចប់ ស្មើទម្ងន់១,០៤៤.៥ក្រាម (ជាង១គីឡូក្រាម)។

បើតាមការបញ្ជាក់របស់លោក គង់ ស៊ីដន ស្នងការរងទទួលផែន និងដឹកនាំប្រតិបត្តិការផ្ទាល់ បានប្រាប់ Fresh News ដឹងសភាពនៃរឿងហេតុថា ឆ្លងតាមការ​ស្រាវជ្រាវ​ស៊ើបអង្កេតតាមជំនាញ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត ក្រោមការដឹកនាំបញ្ជាពី​លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត និងក្រោមការសម្របសម្រួលពីតំណាងអយ្យការ សហការជាមួយកម្លាំងអធិការដ្ឋាន​នគរបាលស្រុកពញាឮ បានបើកកិច្ចប្រតិបត្តិការ ចាប់បង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ កង ប៊ុនមករា ហៅជ្រូក និងឈ្មោះ ជួន រ៉ាដូ ហៅតុល ឆែកឆេរចាប់យកបានថ្នាំញៀន​ចំនួន៣០កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង រួមនឹងសម្ភារពាក់ព័ន្ធមួយចំនួន។

នគរបាលបន្តថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ កង ប៊ុនមករា កម្លាំងសមត្ថកិច្ច បានបន្តនិតិវីធីពន្លាតដែនដីនាំ​ជនសង្ស័យទៅចង្អុល​បង្ហាញទីតាំង​ចំណុចផ្ទះជួល ជនសង្ស័យម្នាក់ទៀត ឈ្មោះ មៀច វិចិត្រ ក្នុងភូមិទន្លេកន្ទិល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយសហការល្អជាមួយកម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ ដោយបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ រួចឆែកឆេរចាប់យកថ្នាំញៀនចំនួន១៦កញ្ចប់ រួមនឹងសម្ភារពាក់ព័ន្ធមួយចំនួន។

ផ្អែកតាមចម្លើយសារភាពរបស់ឈ្មោះ មៀច វិចិត្រ កម្លាំងសមត្ថកិច្ច បានបន្តនិតិវីធីពន្លាតដែនដីនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ដោយបាននាំជនសង្ស័យទៅ​ចង្អុលបង្ហាញទីតាំងរោងគោ របស់មុខសញ្ញាជួញដូរគ្រឿងញៀនឈ្មោះ យ៉ាត កុយឡេត នៅចំណុចភូមិដកពរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដោយ​មានការ​សហការល្អជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សមត្ថកិច្ចបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ទៀត ចាប់យកថ្នាំញៀនចំនួន ០២កញ្ចប់ និងសម្ភារវត្ថុតាងមួយចំនួនទៀត រីឯមុខសញ្ញាមេក្រុមជួញដូរគ្រឿងញៀនឈ្មោះ យ៉ាត កុយឡេត បានរត់គេចខ្លួន។

នគរបាលបន្តថា បន្ទាប់ពីចាប់បានមួយគោលដៅហើយ សមត្ថកិច្ចបានឈានទៅថល់គោលដៅគោលដៅទី២ នៅចំណុចផ្ទះជនសង្ស័យឈ្មោះ មៀច វិចិត្រ ស្ថិតក្នុងភូមិ​ទន្លេកន្ទឹល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន៤នាក់។

សម្រាប់ជនសង្ស័យទាំង១០នាក់ ត្រូវបានយកទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំបញ្ជូនទៅកាន់តុលាការចាត់តាមច្បាប់៕